(វ៉ាស៉ីនតោន)៖ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ណេត ប្រាយស៍ (Ned Price) បាននិយាយនៅថ្ងៃចន្ទសប្តាហ៍នេះថាការបញ្ឈប់ការចូលរួមរបស់រុស្ស៊ី នៅក្នុងគំនិតផ្តួចផ្តើម នាំចេញគ្រាប់ធញ្ញជាតិចេញពីតំបន់សមុទ្រខ្មៅ កំពុងជះផលប៉ះពាល់ភ្លាមៗ និងគ្រោះថ្នាក់ លើសន្តិសុខស្បៀង និងតម្លៃម្ហូបអាហារពិភពលោក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១ ខែវិច្ឆិកា ឆ្នា២០២២។

លោក ប្រាយស៍ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា «ការរំខានណាមួយចំពោះហានិភ័យនៃការផ្តួចផ្តើមនេះ អាចធ្វើឲ្យអាហារឡើងថ្លៃ កាត់បន្ថយទំនុកចិត្តរបស់អ្នកធានា និងអ្នកដឹកជញ្ជូនពាណិជ្ជកម្មបន្ថែមការលំបាកដល់ប្រទេស ដែលមានប្រាក់ចំណូលទាប ដែលកំពុងប្រឈមមុខនឹងវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ និងអសន្តិសុខស្បៀងពិភពលោក»

លោក ប្រាយស៍ បានបន្ថែមថា «វាមិនមែនជាបញ្ហាទ្វេភាគីរវាងរុស្ស៊ី និងអ៊ុយក្រែនទេ។ ៦៦ភាគរយនៃស្រូវសាលី ដែលបាននាំចេញក្រោមគំនិតផ្តួចផ្តើមនេះត្រូវបាន នាំទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ ហើយ១៩ភាគរយបាននាំទៅប្រទេសអភិវឌ្ឍន៍តិចតួច។ វាគ្មានផលប្រយោជន៍សម្រាប់រុស្ស៊ីទេ ដើម្បីបន្តផ្អាកការនាំចេញនេះ»

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ទីក្រុងមូស្គូ បានប្រកាសផ្អាកតួនាទីរបស់ខ្លួននៅក្នុងគំនិតផ្តួចផ្តើម ដែលគាំទ្រដោយអង្គការសហប្រជាជាតិ កាលពីខែសីហា ក្នុង អមដំណើរកប៉ាល់ដឹកទំនិញឆ្លងកាត់សមុទ្រខ្មៅ។ ច្រកផ្លូវគោក ក៏ត្រូវបានប្រើដើម្បីនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែនផងដែរ ប៉ុន្តែមិនអាចជំនួសឲ្យបរិមាណដែល អាចដឹកជញ្ជូនតាមសមុទ្រខ្មៅបានទេ៕