(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នឹងមិនទទួលស្គាល់កូរ៉េខាងជើង ជា «រដ្ឋអាវុធនុយក្លេអ៊ែរ» ជាដាច់ខាត ខណៈទីក្រុងវ៉ាស៊ីនតោនកំពុងប្រឹងប្រែងរំសាយ អាវុធនុយក្លេអ៊ែរ នៅលើតំបន់ឧបទ្វីបកូរ៉េ។ នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក​ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃ១ ខែវិច្ឆិកា ឆ្នាំ២០២២។

អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ណេដ ប្រាយស៍ (Ned Price) ធ្វើការកត់សម្គាល់ខាងលើ ក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃចន្ទសប្ដាហ៍នេះ និងជាការ ឆ្លើយតបនឹងសំណួរដែលសួរថាតើសហរដ្ឋអាមេរិកអាចនឹងទទួលស្គាល់កូរ៉េខាងជើងជា «រដ្ឋអាវុធនុយក្លេអ៊ែរ» ដែរឬទេ? ថ្លែងនាឱកាសនោះ អ្នកនាំពាក្យរូបនេះ បានគូសញ្ជាក់ដូច្នេះថា «រឿងបែបនេះមិនមែនជាគោលនយោបាយរបស់យើងឡើយ ហើយខ្ញុំក៏មិនជឿថាវាអាចនឹងក្លាយជាគោលនយោបាយមួយនោះដែរ»។ ប៉ុន្តែ លោក ណេត ប្រាយស៍ បាននិយាយថាសហរដ្ឋអាមេរិក នៅតែបើកចំហទ្វារសន្ទនាជាមួយកូរ៉េខាងជើង ដោយគ្មានលក្ខខណ្ឌទុកជាមុននោះឡើយ។

គួរបញ្ជាក់ថា បើតាមលោក ណេត ប្រាយស៍ កូរ៉េខាងជើង នៅតែបន្តត្រៀមរៀបចំការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ចំពេលក្រុមអ្នកជំនាញព្រមានថារបបដឹកនាំ លោក គីម ជុងអ៊ុន អាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាលើកទី៧ និងជាលើកដំបូងបំផុតចាប់តាំងពីឆ្នាំ២០១៧មក ក្នុងពេលឆាប់ៗខាងមុខ៕