(វ៉ាស៊ីនតោន)៖ កូរ៉េខាងជើង នៅថ្ងៃចន្ទសប្ដាហ៍នេះបានស្នើឱ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បញ្ឈប់ការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ដោយចាត់ទុកថាវាជាទង្វើ បង្កហេតុដែលនឹងជំរុញឱ្យមានការចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ពីទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១ ខែវិច្ឆិកា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ក្រសួងការបរទេសកូរ៉េខាងជើង បានគូសបញ្ជាក់ដូច្នេះថា «ស្ថានភាពនៅលើ តំបន់ឧបទ្វីបកូរ៉េ និងតំបន់ជុំវិញ បានឈានចូលដល់ដំណាក់កាលប្រឈមមុខដាក់គ្នាយ៉ាងធ្ងន់ធ្ងរ ដោយសារតែសកម្មភាពយោធាយ៉ាងគឃ្លើនរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង...បើសហរដ្ឋអាមេរិកពិតជាចង់បញ្ចៀសស្ថានការណ៍អាក្រក់ ដែលមិនអំណោយផលដល់សន្តិសុខរបស់ខ្លួន ពួកគេគួរតែបញ្ឈប់ការធ្វើសមយុទ្ធដែល គ្មានប្រយោជន៍ និងប្រសិទ្ធភាព តែបើពុំដូច្នោះទេ ពួកគេនឹងត្រូវទទួលខុសត្រូវគ្រប់យ៉ាងចំពោះផលវិបាកដែលអាចនឹងកើតឡើង»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះបានចាប់ផ្ដើមធ្វើសមយុទ្ធកងទ័ពអាកាសរួមគ្នាទ្រង់ទ្រាយធំមួយមិនធ្លាប់មាន ដោយមានការចូលរួមពី យន្ដហោះចម្បាំងរាប់រយគ្រឿងនៃសម្ព័ន្ធមិត្តទាំង២។

សមយុទ្ធទ័ពអាកាសនេះដែលមានឈ្មោះថា Vigilant Storm នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃចន្ទ រហូតដល់ថ្ងៃសុក្រសប្ដាហ៍នេះ ហើយមានយន្ដហោះចម្បាំងសរុបចំនួន ២៤០គ្រឿងចូលរួម ក្នុងនោះរួមមានទាំងយន្ដហោះចម្បាំង F-35 របស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ខណៈអូស្ត្រាលីក៏នឹងបញ្ជូនយន្ដហោះចាក់សាំងនៅលើ អាកាសសម្រាប់សមយុទ្ធនេះដែរ៕