(ឡុងដ៍)៖ ចក្រភពអង់គ្លេស នៅថ្ងៃចន្ទសប្ដាហ៍នេះបានព្រមានប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើទីក្រុងមូស្គូ ប្រើអាវុធនុយក្លេអ៊ែរ នៅក្នុងសង្រ្គាមអ៊ុយក្រែន ដោយសង្កត់ធ្ងន់ថាការធ្វើរបៀបនេះអាចនឹងផ្លាស់ប្ដូរធម្មជាតិដើមនៃជម្លោះសព្វថ្ងៃ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១ ខែវិច្ឆិកា ឆ្នាំ២០២២។

នៅចំពោះមុខសមាជិកសភាអង់គ្លេស រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ជែម ក្លេវឺលី (James Cleverly) ក៏បានជំរុញផងដែរឱ្យរុស្ស៉ីកុំបង្កឧបសគ្គដល់ការនាំចេញ គ្រាប់ធញ្ញជាតិ ហើយថាសេចក្ដីថ្លែងការណ៍សម្លុតគំរាមកន្លងមករបស់វិមានក្រឹមឡាំង គឺគ្រាន់តែជាការបង្វែរចំណាប់អារម្មណ៍ចេញពីបរាជ័យ នៅក្នុងសង្រ្គាមសព្វថ្ងៃ តែប៉ុណ្ណោះ។ លោក ក្លេវឺលី បានគូសបញ្ជាក់ដូច្នេះថា «គ្មានប្រទេសផ្សេងណាមួយកំពុងនិយាយពីការប្រើអាវុធនុយក្លេអ៊ែរទេ ហើយក៏គ្មានប្រទេសណាមួយកំពុង គំរាមកំហែងដល់រុស្ស៉ី ឬលោកប្រធានាធិបតី ពូទីន នោះដែរ។ ដូច្នេះលោក (លោក ពូទីន) គួរតែដឹងឱ្យច្បាស់ថាសម្រាប់ចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្ត រាល់ការប្រើអាវុធនុយក្លេអ៊ែរអាចនឹងផ្លាស់ប្ដូរធម្មជាតិនៃជម្លោះ ហើយវានឹងមានផលវិបាកធ្ងន់ធ្ងរសម្រាប់រុស្ស៉ី»

គួរបញ្ជាក់ថា​ ការលើកឡើងខាងលើរបស់លោក ជែម ក្លេវឺលី កើតមានឡើងក្រោយក្រសួងការពារជាតិរុស្ស៉ីបានចោទប្រកាន់យោធាអង់គ្លេសថាជាអ្នកបំផ្ទុះបំផ្លាញ បំពង់ឧស្ម័ន Nord Stream កាលពីខែតុលាកន្លងទៅ និងជាអ្នកជួយសម្រួលដល់ការវាយប្រហារដោយយន្ដហោះដ្រូនរបស់អ៊ុយក្រែន លើកងកម្លាំងរុស្ស៉ីនៅក្នុងតំបន់ គ្រីមៀ។ ប៉ុន្តែ ខាងទីក្រុងឡុងដ៍ បានច្រានចោលការចោទប្រកាន់បែបនេះ៕