(កៀវ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថាការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី លើហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន និងការសម្រេចចិត្តបង្កក កិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិចេញពីតំបន់សមុទ្រខ្មៅ គឺជាការឆ្លើយតបទៅនឹងការវាយប្រហារដោយយន្ដហោះដ្រូន លើក្រុមនាវាយោធារុស្ស៉ីក្នុងតំបន់គ្រីមៀ ដែលទីក្រុងមូស្គូ ទម្លាក់កំហុសលើអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១ ខែវិច្ឆិកា ឆ្នាំ២០២២។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃចន្ទសប្ដាហ៍នេះ លោក ពូទីន ក៏បានបញ្ជាក់ដែរថាការវាយប្រហារថ្មីៗ អាចនឹងធ្វើឡើងបន្ថែមទៀត ខណៈអ៊ុយក្រែន នៅតែបដិសេធថាខ្លួនមិនមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារក្នុងតំបន់គ្រីមៀនោះទេ ហើយក៏មិនបានប្រើប្រាស់ច្រកផ្លូវទឹកដឹកជញ្ជូនគ្រាប់ធញ្ញជាតិ ដើម្បីបុព្វហេតុ យោធានោះដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ រុស្ស៉ីបានបាញ់ស្រោចមីស៊ីលលើតំបន់ចំនួន ៦ របស់អ៊ុយក្រែន ដោយបានបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពល ជាច្រើន ដែលបណ្ដាលឱ្យដាច់ចរន្តអគ្គិសនី និងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត។ បើតាមអាជ្ញាធរអ៊ុយក្រែន ប្រជាជន ១៤០,០០០នាក់ គ្មានអគ្គិសនីប្រើប្រាស់បន្ទាប់ពីការ វាយប្រហាររបស់រុស្ស៉ី តែក្នុងពេលជាមួយគ្នា អ៊ុយក្រែនអះអាងថាខ្លួនបានបាញ់ទម្លាក់មីស៊ីល ៤៤គ្រាប់ ក្នុងចំណោម ៥០គ្រាប់នៃមីស៊ីលរុស្ស៉ី៕