(ញូវយ៉ក)៖ រយៈពេល ៦០ឆ្នាំ ក្រោយវិបត្តិមីស៊ីលគុយបា ពិភពលោកសព្វថ្ងៃ បានត្រឡប់ទៅរកហានិភ័យនៃការប្រឈមមុខដាក់គ្នាដោយអាវុធនុយក្លេអ៊ែរសាជាថ្មីរវាង សហរដ្ឋអាមេរិក និងរុស្ស៉ី។ នៅក្រោយទទួលបរាជ័យជាបន្តបន្ទាប់ក្នុងសង្រ្គាមអ៊ុយក្រែន លោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន បានបង្កើនការសម្លុតគំរាមរបស់លោក ជាមួយការអះអាងថាលោកនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីការពាររុស្ស៉ី រួមទាំងទឹកដីដែលទីក្រុងមូស្គូទើបតែកាត់យកពីអ៊ុយក្រែនដោយខុសច្បាប់។

ខណៈការសម្លុតគំរាមរបស់លោក ពូទីន កំពុងនាំពិភពលោកទៅរកស្ថានការណ៍ដ៏គ្រោះថ្នាក់ ក្រុមអ្នកវិភាគជាច្រើនជាក៏បាននាំគ្នាចោទសួរផងដែរថាតើលោក ពូទីន អាចនឹង ព្រមថយមួយជំហាន ដូចដែលអតីតមេដឹកនាំសូវៀត លោក នីគីតា គ្រូសឆេវ (Nikita Khrushchev) ធ្លាប់បានធ្វើកាលពីឆ្នាំ១៩៦២ដែរឬក៏យ៉ាងណា? ក្នុងវិបត្តិមីស៊ីល គុយបាឆ្នាំ១៩៦២ ជាការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅតាមបណ្ដាប្រទេសជាសមាជិកណាតូ ក្នុងនោះរួមមាន ដូចជាតួកគី និងតម្រង់ក្បាលមីស៊ីលនុយក្លេអ៊ែរបែរទៅរកទីក្រុងជាច្រើនរបស់សូវៀត លោក គ្រូសឆេវ បានចេញបញ្ជាឱ្យដាក់ពង្រាយមីស៊ីលនុយក្លេអ៊ែរនៅទឹកដីគុយបា ដោយសំអាងថាអាវុធទាំងនេះនឹងជួយការពាររបបដឹកនាំគុយបា ពីការឈ្លានពានណាមួយពីសំណាក់សហរដ្ឋអាមេរិក។

នៅពេលបានដឹងពីអ្វីដែលលោក គ្រូសឆេវ បានធ្វើកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៦២ អតីតប្រធានាធិបតីអាមេរិក លោក ចន អេហ្វ ខេននេឌី (John F. Kennedy) បានផ្ទុះកំហឹងជាខ្លាំង ដោយអាមេរិករកឃើញថាសូវៀតមិនមែនត្រឹមតែដំឡើងអាវុធនុយក្លេអ៊ែរនៅលើទឹកដីគុយបាប៉ុណ្ណោះទេ តែបានលួចលាក់ដំឡើងដោយមិនឱ្យ អាមេរិកដឹង អស់រយៈពេលជាច្រើនខែ។ ក្នុងរយៈពេល ២សប្ដាហ៍ លោក ខេននេឌី និងលោក គ្រូសឆេវ បានឆ្លើយឆ្លងសំបុត្រគ្នា និងសេចក្ដីថ្លែងការណ៍ជាសាធារណៈ ទៅវិញទៅមក។ តាមទស្សនៈរបស់លោក គ្រូសឆេវ ការឆ្លើយតបតរបស់លោក ខេននេឌី បានឆ្លុះបញ្ចាំងពីភាពគ្មានបទពិសោធន៍ ហើយថ្នាក់ដឹកនាំសូវៀតរូបនេះ បានព្យាយាមបញ្ចៀសការបង្កហេតុ។ ធ្វើបែបនេះ គឺលោក គ្រូសឆេវ ចង់បង្ហាញឱ្យគេគ្រប់គ្នាឃើញពីសីលធម៌របស់សូវៀត និងពន្យល់ថាអ្វីដែលសូវៀតបានធ្វើ គឺចង់បានភាពស្មើគ្នាប៉ុណ្ណោះ តែមិនមានចេតនាដាក់ពង្រាយមីស៊ីលនោះទេ។

លោក ខេននេឌី មិនបានដកថយឡើយ រីឯលោក គ្រូសឆេវក៏មិនមានបំណងប្រថុយនឹងសង្រ្គាមនុយក្លេអ៊ែរដែរ ទើបលោកសុខចិត្តកែប្រែយុទ្ធសាស្ត្រ រហូតដល់នាំឱ្យមាន កិច្ចព្រមព្រៀងមួយត្រូវបានសម្រេចឡើង។ សូវៀតយល់ព្រមដកមីស៊ីលនុយក្លេអ៊ែរចេញពីគុយបា រីឯសហរដ្ឋអាមេរិកនឹងដកមីស៊ីលបាលិស្ទីគចេញពីប្រទេសតួកគី និងសន្យា មិនឈ្លានពានគុយបា។ តែតាមពិតទៅ ទាល់តែប៉ុន្មានឆ្នាំក្រោយមកទៀត ទើបអាមេរិកដកមីស៊ីលចេញពីតួកគីជាផ្លូវការ ដែលនេះធ្វើឱ្យលោក គ្រូសឆេវ បណ្ដោយឱ្យលោក ខេននេឌី ប្រកាសពីជ័យជម្នះ។ អតីតមេដឹកនាំសូវៀត លោក មីកាអែល ហ្ក័របាឆេវ (Mikhail Gorbachev) ធ្លាប់បាននិយាយថា «ភាគីទាំង២ និងមេដឹកនាំរបស់ពួកគេ មានភាពឆ្លាតវៃ និងអង់អាចក្លាហាន ក្នុងការសម្រេចចិត្តដ៏មានសារៈសំខាន់មួយចំនួន...ហើយប្រវត្តិសាស្ត្រពិតជាមានតម្លៃ នៅពេលដែលអ្នកព្យាយាមរៀនសូត្រពីវា»។

តែជាអកុសល មានមេដឹកនាំតិចតួចណាស់ ក្នុងពេលបច្ចុប្បន្ន ដែលព្យាយាមរៀនសូត្រពីប្រវត្តិសាស្ត្រ ដោយពួកគេសុខចិត្តរង់ចាំឱ្យប្រវត្តិសាស្ត្រដាក់ទោសទៅវិញ។ សង្រ្គាមឈ្លានពានរបស់លោក ពូទីន លើអ៊ុយក្រែន ត្រូវបានក្រុមអ្នកវិភាគខ្លះយកទៅប្រដូចទៅនឹងការសម្រេចចិត្តរបស់លោក គ្រូសឆេវ ក្នុងការដំឡើងមីស៊ីលនុយក្លេអ៊ែរ នៅលើទឹកដីគុយបា។ តែនៅលើកនេះគឺសហរដ្ឋអាមេរិក វិញម្ដងដែលកំពុងដឹកនាំណាតូ បញ្ជូនអាវុធទំនើបឱ្យអ៊ុយក្រែន យកទៅប្រើប្រាស់ប្រយុទ្ធតតំាងជាមួយកងទ័ពរុស្ស៉ី ហើយខណៈលោក គ្រូសឆេវ មើលស្រាលលោក ខេននេឌី លោក ពូទីន ក៏ត្រូវបានគេមើលឃើញដែរថាកំពុងមើលស្រាលការប្ដេជ្ញាចិត្តរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដើម្បីជួយអ៊ុយក្រែន។

តែនេះគឺជារឿង២ផ្ទុយគ្នាស្រឡះ។ ដ្បិតជាជាងផ្លាស់ប្ដូរយុទ្ធសាស្ត្ររបស់ខ្លួន សំដៅបញ្ចៀសមហន្តរាយ ដូចដែលលោក គ្រូសឆេវបានធ្វើ លោក ពូទីន បែរជាសម្រេចចិត្ត បង្កើនការសម្លុតគំរាម ហើយទាំងលោក គ្រូសឆេវ និងលោក ខេននេឌី មិនដែលបានប្រមាថដាក់គ្នាទៅវិញទៅមកនោះទេ។ តែលោក ពូទីន បានចោទប្រកាន់លោកខាងលិច ថាជា «បិសាច» រីឯលោក ចូ បៃដិន បានហៅលោក ពូទីនថាជាឧក្រិដ្ឋជន និងមានពេលខ្លះក៏ជំរុញដោយប្រយោលឱ្យមានការផ្លាស់ប្ដូររបបដឹកនាំរុស្ស៉ីផងដែរ។

លើសពីនេះទៅទៀត ផ្ទុយពីឆ្នាំ១៩៦២ បច្ចុប្បន្នហាក់ដូចជាមិនមានកិច្ចសន្ទនាការទូតនៅពីក្រោយឆាកនោះទេ ដោយមើលទៅហាក់ដូចជាស្ពានសម្រាប់កិច្ចចរចាត្រូវបាន ដុតបំផ្លាញ។ តួយ៉ាង ថ្វីបើលោក បៃដិន មិនបានសម្លុតគំរាមប្រើអាវុធនុយក្លេអ៊ែរក៏ពិតមែន តែលោកបានព្រមានត្រង់ៗថាពិភពលោកអាចនឹងប្រឈមមុខនឹងថ្ងៃអវសាន ប្រសិនបើលោក ពូទីន ប្រើអាវុធនុយក្លេអ៊ែរតាក់ទិកនៅអ៊ុយក្រែន។ ចំណែកឯ លោក ពូទីនវិញ ស្រាប់តែបានកែប្រែការសម្លុតគំរាមដោយងាកមកចោទប្រកាន់ថាអ៊ុយក្រែន មានផែនការប្រើគ្រាប់បែកវិទ្យុសកម្មទៅវិញ ក៏ដូចជាបង្កើនយុទ្ធនាការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងប្រទេសអ៊ុយក្រែន នៅមុនខែរងាចូលមកដល់។

បើគេចាំមិនភ្លេចទេ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ១៩៦២ ឬជាទូទៅគេហៅថា « Black Saturday» យន្ដហោះស៊ើបការណ៍អាមេរិក U-2 មួយគ្រឿងត្រូវបានបាញ់ទម្លាក់នៅលើ ប្រទេសគុយបា។ មេដឹកនាំគុយបា លោក ហ្វីដែល កាស្ត្រូ នៅពេលនោះបានទទូចឱ្យលោក គ្រូសឆេវ ប្រើអាវុធនុយក្លេអ៊ែរវាយប្រហារលើសហរដ្ឋអាមេរិកជាមុន ដើម្បីរារាំង កុំឱ្យអាមេរិកវាយប្រហារលើគុយបា។ ប៉ុន្តែ លោក គ្រូសឆេវ មិនបានធ្វើការអំពាវនាវនេះទេ ហើយលោកក៏មិនបានចាត់វិធានការឆ្លើយតបធ្ងន់ធ្ងរដែរ នៅពេលដែលយន្ដហោះ ស៊ើបការណ៍អាមេរិក U-2 មួយគ្រឿងផ្សេងទៀតហោះចូលដែនអាកាសសូវៀត។ ក្នុងន័យនេះ លោក គ្រូសឆេវ បានរៀនពីមេរៀនដ៏សំខាន់មួយនោះគឺ «នៅពេលអាវុធ នុយក្លេអ៊ែរចូលពាក់ព័ន្ធ ទោះជាជម្លោះតូចក៏ដោយ ក៏វាអាចនឹងក្លាយជាមហន្តរាយគ្រប់ពេលវេលា ហើយនៅពេលភាពតានតឹងឡើងដល់ចំណុចកំពូល លទ្ធផលដូចគ្នានេះ ក៏ពិបាកនឹងបញ្ចៀសដូចគ្នាដែរ ដែលនេះជាហេតុផលមួយជំរុញឱ្យលោកជ្រើសរើសយកកិច្ចចរចារស្វែងរកដំណោះស្រាយបញ្ចប់វិបត្តិ។

គួរបញ្ជាក់ថា នៅពេលលោក គ្រូសឆេវ ត្រូវបានបណ្ដេញចេញពីតំណែងក្នុងឆ្នាំ១៩៦៤ សមមិត្តនៃការិយាល័យនយោបាយរបស់លោក បានចោទប្រកាន់រូបលោកថាបានធ្វើ ឱ្យសហសូវៀតទន់ខ្សោយ និងអាម៉ាស់មុខ តាមរយៈការដកមីស៊ីលចេញពីគុយបា។ ប៉ុន្តែ សម្រាប់ពិភពលោកទាំងមូល លោកបានចូលរួមចំណែកយ៉ាងធំក្នុងការបញ្ចៀស សង្រ្គាមនុយក្លេអ៊ែរ ជាមួយការស្វែងរកដំណោះស្រាយបម្រើផលប្រយោជន៍សូវៀត, ការពារសម្ព័ន្ធមិត្ត, ឱ្យសហរដ្ឋអាមេរិកដកអាវុធប្រល័យលោកចេញពីតួកគី និងចាប់ផ្ដើម កិច្ចសន្ទនានៃការរំសាយអាវុធនុយក្លេអ៊ែរ។ លោក ពូទីន វិញមិនមានទស្សនៈបែបនេះឡើយ ដូច្នេះវាក៏មិនមែនជារឿងភ្ញាក់ផ្អើលអ្វីនោះដែរ ដែលវិមានក្រឹមឡាំងមិនអើពើ ចំពោះព្រឹត្តិការណ៍ឆ្នាំ១៩៦២ ហើយវាកាន់តែមិនមែនជារឿងចម្លែកទៅទៀត ព្រោះលោក គ្រូសឆេវ មានមូលដ្ឋានជា «អ្នកនយោបាយ» រីឯលោក ពូទីន មានមូលដ្ឋានជា «មន្ត្រីស៊ើបការណ៍សម្ងាត់ KGB»៕