(សៀងហៃ)៖ រមណីយដ្ឋាន Disney របស់ទីក្រុងសៀងហៃ បានផ្អាកប្រតិបត្តិការភ្លាមៗចាប់ពីថ្ងៃចន្ទ ទី៣១ ខែតុលាតទៅ ដើម្បីអនុលោមតាមវិធានការបង្ការជំងឺកូវីដ១៩ ដោយអ្នកទស្សនាទាំងអស់ត្រូវបានណែនាំឱ្យស្នាក់នៅក្នុងឧទ្យាន រហូតដល់ពួកគេទទួលបាននូវការធ្វើតេស្តអវិជ្ជមាន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២។

រមណីយដ្ឋាន Disney បាននិយាយថា នៅម៉ោងវេលា ១១៖៣៩នាទី ព្រឹក (ម៉ោងក្នុងស្រុក) ឧទ្យាននេះត្រូវបានបិទភ្លាមៗនូវសួនកម្សាន្តដ៏សំខាន់ និងតំបន់ជុំវិញ រួមទាំងផ្លូវដើរទិញឥវ៉ាន់រហូតដល់មានការជូនដំណឹងបន្ថែម ដើម្បីអនុវត្តតាមការទប់ស្កាត់កូវីដ១៩។

រដ្ឋាភិបាលក្រុងសៀងហៃបាននិយាយនៅលើគណនី WeChat ផ្លូវការរបស់ខ្លួនថា ឧទ្យានកំពុងរារាំងមនុស្សមិនឱ្យចូល ឬចេញ ហើយអ្នកទស្សនាទាំងអស់នៅក្នុងឧទ្យាន នឹងត្រូវរង់ចាំលទ្ធផលនៃការធ្វើតេស្តរបស់ពួកគេ មុនពេលពួកគេអាចចាកចេញបាន។

គួរបញ្ជាក់ថា ទីក្រុងនិងខេត្តនានារបស់ប្រទេសចិន កំពុងព្យាយាមទប់ស្កាត់ការរាលដាលឡើងវិញ នៃករណីឆ្លងកូវីដ១៩ ខណៈរដូវរងាជិតចូលមកដល់ ដោយបិទភ្លាមៗនូវទីតាំងសាធារណៈទាំងឡាយ ដែលរកឃើញមានករណីឆ្លង ព្រមទាំងអនុវត្ត វិធានការបិទខ្ទប់បណ្តោះអាសន្ន ដែលមានរយៈពេលយូរជាងមុន៕