(កូឡាឡាំពួ)៖ រដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៉ី លោក ខៃរី ចាម៉ាលូឌីន (Khairy Jamaluddin) បាននិយាយនៅថ្ងៃចន្ទនេះថា ខណៈដែលប្រទេសម៉ាឡេស៊ីជួបប្រទះការកើនឡើងនៃករណីឆ្លងកូវីដ១៩ ការពាក់ម៉ាសឥឡូវនេះត្រូវបាន «លើកទឹកចិត្តយ៉ាងខ្លាំង» នៅក្នុងតំបន់ដែលមានមនុស្សច្រើន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២។

ក្នុងសន្និសីទសារព័ត៌មានមួយលោក ខៃរី បានគូសបញ្ជាក់ថា «ក្រសួងសូមរំលឹកដល់សាធារណជនថា យើងនៅតែអាចផ្លាស់ប្តូរទៅរក ដំណាក់កាលនៃការឆ្លងរាលដាលជំងឺកូវីដ១៩ ឡើងវិញ។ កាលពីសប្តាហ៍មុនចំនួនករណីឆ្លង បានកើនឡើង។ ជាអកុសល វាបានកើតឡើងអំឡុងពេល ដែលយើងនឹងរៀបចំការបោះឆ្នោតទូទៅ។ ដូច្នេះខ្ញុំសូមណែនាំសាធារណជន ឲ្យមានការប្រុងប្រយ័ត្ន។ ការពាក់ម៉ាសនៅតែជាការស្ម័គ្រចិត្ត ប៉ុន្តែឥឡូវនេះត្រូវបានលើកទឹកចិត្តយ៉ាងខ្លាំង ជាពិសេសនៅតំបន់បិទជិត និងមានមនុស្សច្រើន»

លោក ខៃរី បានបន្ថែមថា ករណីឆ្លងមានការកើនឡើង១៦.៥ភាគរយ ចន្លោះថ្ងៃទី២៣ ខែតុលា ដល់ថ្ងៃទី២៩ ខែតុលា បើធៀបនឹងរយៈពេលពេញមួយសប្តាហ៍មុន ដែលភាគច្រើនគេជឿជាក់ថាជាមេរោគអូមីក្រុងបម្លែងថ្មី XBB Omicron។

គួរបញ្ជាក់ថា ប្រទេសម៉ាឡេស៊ីនឹងរៀបចំការបោះឆ្នោតសកល នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។ គណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) ត្រូវបានគេរំពឹងថានឹងប្រកាសអំពីនីតិវិធីប្រតិបត្តិការស្តង់ដារ សម្រាប់ការបោះឆ្នោតក្នុងពេលឆាប់ៗនេះ រួមទាំងនីតិវិធីបោះឆ្នោតសម្រាប់អ្នកដែលមានជំងឺកូវីដ-១៩ ជាដើម៕