(ប៉េកាំង)៖ កាលពីថ្ងៃទី២៩ ខែតុលា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើលិខិតអបអរសាទរខួបលើកទី ៦៥ នៃការបង្កើតសមាគមមិត្តភាពរុស្ស៊ី-ចិន។

ថ្លែងក្នុងលិខិត លោក Xi Jinping បានលើកឡើងថា ចាប់តាំងពីបានបង្កើតឡើងកាលពី ៦៥ ឆ្នាំមុនមក សមាគមមិត្តភាពរុស្ស៊ី-ចិន តែងតែប្រកាន់ខ្ជាប់នូវទស្សនៈមេត្រីភាព ជាមួយប្រទេសចិន ហើយបានរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើនការយល់ដឹងពីគ្នា ទៅវិញទៅមក ចំណងមិត្តភាព និងទំនុកចិត្តរវាងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាការពង្រឹងមូលដ្ឋានគ្រឹះ នៃឆន្ទៈប្រជាជនក្នុងសង្គមអំពី ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។

លោក Xi បន្តថា បច្ចុប្បន្ននេះ ទំនាក់ទំនងភាពជាដៃគូសម្របសម្រួល និងសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងចិន-រុស្ស៊ីក្នុងយុគសម័យថ្មី រក្សាបាននូវសន្ទុះអភិវឌ្ឍន៍ខ្ពស់ ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ មានភាពកាន់តែស៊ីជម្រៅជាបន្តបន្ទាប់ ចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ មានភាពកាន់តែស៊ីជម្រៅជាបន្តបន្ទាប់ បុព្វហេតុមិត្តភាពរវាងសង្គមស៊ីវិល នៃប្រទេសទាំងពីរចិននិងរុស្ស៊ីមានអនាគតធំទូលាយ និងមានការអភិវឌ្ឍដែលគួរឱ្យរំពឹងទុក។

លោកសង្ឃឹមថាសមាគមមិត្តភាពរុស្ស៊ី-ចិន នឹងបន្តវេនប្រពៃណីដ៏ល្អផូរផង់ ដើម្បីដើរតួនាទីកាន់តែធំក្នុងការជំរុញ ការតភ្ជាប់ដួងចិត្តរវាងប្រជាជន នៃចិននិងរុស្ស៊ី៕

វិទ្យុមិត្តភាពកម្ពុជាចិន