(ប៉េកាំង)៖ មន្រ្តីនៅក្នុងទីក្រុងនិងខេត្តនានារបស់ប្រទេសចិន កំពុងព្យាយាមទប់ស្កាត់ការរាលដាលឡើងវិញ នៃករណីឆ្លងកូវីដ១៩ ខណៈរដូវរងាជិតចូលមកដល់ ដោយបិទភ្លាមៗនូវទីតាំងសាធារណៈទាំងឡាយ ដែលរកឃើញមានករណីឆ្លង ព្រមទាំងអនុវត្ត វិធានការបិទខ្ទប់បណ្តោះអាសន្ន ដែលមានរយៈពេលយូរជាងមុន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២។

ករណីឆ្លងប្រចាំថ្ងៃក្នុងប្រទេសចិន បានកើនឡើងដល់ចំនួន២,៨៩៨នាក់ កាលពីថ្ងៃអាទិត្យ ដែលជាតួលេខខ្ទង់២ពាន់ ក្នុងរយៈពេល២ថ្ងៃជាប់ៗគ្នា។ នៅឯខេត្តក្វាងទុង (Guangdong) គឺទីក្រុងក្វាងចូវ (Guangzhou ) បានមើលឃើញការកើនឡើង ករណីឆ្លងជំងឺកូវីដ១៩ គួរ​ឱ្យកត់សម្គាល់ ក្នុងរយៈពេល១សប្តាហ៍ចុងក្រោយ ហើយសង្កាត់មួយចំនួន ត្រូវបានបិទខ្ទប់។ ក្នុងនោះ សង្កាត់ហៃចូវ (Haizhu) ដែលមានមនុស្សរស់នៅចំនួន ១.៨លាននាក់ ឬប្រហែល១០% នៃចំនួនប្រជាជនទាំងអស់នៅក្រុងក្វាងចូវ គឺមានករណីឆ្លងច្រើនជាងគេ។

ដោយឡែក នៅថ្ងៃចន្ទនេះ រមណីយដ្ឋានសៀងហៃ ឌីសនី (Shanghai Disney) បានប្រកាសបានបិទជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី៣១ ខែតុលា តទៅ ដើម្បីចូលរួមអនុវត្តវិធានការការពារកូវីដ ១៩ នៅក្នុងទីក្រុងសៀងហៃ។ រីឯ ទីក្រុងមួយចំនួនទៀត ក៏កំពុងស្ថិតក្រោមការណែនាំរបស់អាជ្ញាធរ ដើម្បីដោះស្រាយការកើនឡើងនូវករណីឆ្លងកូវីដ ១៩ ដោយបង្ខំឲ្យមានវិធានការបិទបណ្តោះអាសន្ន នៅក្នុងសង្កាត់មួយចំនួន ជាដើម។

គួរបញ្ជាក់ថា នៅពេលដែលរដូវរងាជិតមកដល់ ទីក្រុងភាគខាងជើងប្រទេសចិន ជាពិសេសទីក្រុងដែលនៅជិតព្រំដែនអន្តរជាតិ កំពុងមើលឃើញពីចំនួនករណីឆ្លងកូវីដ ១៩កាន់តែខ្ពស់ ហើយអាចប្រឈមមុខនឹងការអនុវត្តវិធានការទប់ស្កាត់សាជាថ្មី៕