(កៀវ)៖ សង្គ្រាមអ៊ុយក្រែន បានឈានចូលដល់ថ្ងៃទី២៤៩ ហើយ គ្រាដែលការវាយប្រហារនៅតែបង្កើនឥតឈប់ឈរ។ រុស្ស៊ីវេលាចុងក្រោយនេះ បានអះអាងថាគេ បានរកឃើញថាប្រទេសអង់គ្លេស មានភាពពាក់ព័ន្ធគ្នាជាមួយនឹងអ៊ុយក្រែនក្នុងអំពើវាយប្រហារដាក់លើមូលដ្ឋានរុស្ស៊ីគ្រប់គ្រង ក្នុងតំបន់គ្រីមៀរនៃឆ្នេរភាគខាងជើង នៃឈូងសមុទ្ទខ្មៅ។ រុស្ស៊ីចោទថា មានដ្រូនវាយប្រហារពីលើអាកាសផង និងដ្រូនជ្រែកទឹកពីក្រោមបាតសមុទ្ទផង បានធ្វើការវាយប្រហារដាក់លើមូលដ្ឋាននាវា ជើងទឹករុស្ស៊ីព្រមគ្នាដែលមានជាលើកដំបូងក្នុងឈូងសមុទ្ទខ្មៅ។

តើការរកឃើញរបស់រុស្ស៊ីនេះ នឹងបង្កផលប៉ះពាល់និងភាពតានតឹងអ្វីបន្ថែមទៀតទៅលើសង្គ្រាមក្នុងអ៊ុយក្រែន? រុស្ស៊ីបានចោទប្រកាន់ប្រទេសអង់គ្លេសថាបាន ជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងវាយប្រហារដោយដ្រូន នៅតំបន់គ្រីមៀ។ ក្រសួងការពារជាតិរុស្ស៊ីបានចោទប្រកាន់ថាមាន «អ្នកឯកទេស» មកពីចក្រភពអង់គ្លេស ដែលបានជួយអ៊ុយក្រែនក្នុងការ «ការបណ្តុះបណ្តាល» និង «ត្រួតពិនិត្យ» លើការវាយប្រហារដាក់រុស្ស៊ីនៅក្នុងតំបន់គ្រីមៀរនោះ។ ក្រសួងការបរទេសរុស្ស៊ីបានចេញ សេចក្តីថ្លែងការណ៍ចោទប្រកាន់ថា «របបដឹកនាំក្រុង Kyiv» បានធ្វើការវាយប្រហារភេរវកម្មដាក់មកលើកងកម្លាំងនាវាចរសមុទ្រខ្មៅ និងលើកប៉ាល់ស៊ីវិល ដែលធ្វើដំណើរចេញចូលតាមច្រកផ្លូវទឹកនៃមូលដ្ឋាន Sevastopol។

ការវាយប្រហារ នេះពាក់ព័ន្ធនឹងដ្រូនអាកាសចំនួន ៩គ្រឿង និងដ្រូនក្នុងទឹកនៃដែនសមុទ្រចំនួន ៧គ្រឿងផ្សេងទៀត។ នេះជាការវាយប្រហារក្នុងទ្រង់ទ្រាយធំមួយ ដោយដ្រូនពីផ្នែកលើអាកាស និងដ្រូនជ្រែកទឹក ពីផ្ទៃសមុទ្ទមកពីខាងក្រោមមកទៀត ក្នុងគោលដៅវាយប្រហារដាក់មកលើមូលដ្ឋានកងទ័ពរុស្ស៊ីក្នុងតំបន់មូលដ្ឋាន ជើងទឹក Sevastopol របស់រុស្ស៊ី។ សេចក្តីថ្លែងការណ៍រុស្ស៊ីដដែលបាននិយាយថា «ការរៀបចំអំពើភេរវកម្មនេះ និងការបណ្តុះបណ្តាលបុគ្គលិកយោធានៃ មជ្ឈមណ្ឌលប្រតិបត្តិការពិសេសកងម៉ារីនទី៧៣ ត្រូវបានធ្វើឡើងក្រោមការត្រួតពិនិត្យដោយផ្ទាល់របស់អ្នកឯកទេសអង់គ្លេស»

រុស្ស៊ីបានចាត់ទុកការវាយប្រហារនេះគឺជាអំពើភេរវកម្ម។ មន្ត្រីនាំពាក្យយោធារុស្ស៊ី លោក Igor Konashenko បានថ្លែងថា ការរៀបចំនៃអំពើភេរវកម្មនេះ និងការជួយបង្វឹកបុគ្គលិកយោធាអ៊ុយក្រែននៃមជ្ឈមណ្ឌលប្រតិបត្តិការពិសេសកងម៉ារីនទី៧៣ គឺដឹកនាំដោយអ្នកជំនាញអង់គ្លេសម្នាក់ក្នុងមូលដ្ឋាន Orchakiv នៃតំបន់ម៉ៃខូឡាវរបស់ប្រទេសអ៊ុយក្រែន។ មូលដ្ឋាន Sevastopol ដែលជាទីស្នាក់ការកណ្តាលនៃកងនាវា និងជាកន្លែងដឹកជញ្ជូន សម្រាប់ការធ្វើប្រតិបត្តិការនៅ តំបន់គ្រីមៀប្រឆាំងអ៊ុយក្រែនត្រូវបានក្លាយជាគោលដៅនៃការវាយប្រហារជាច្រើនដង ក្នុងរយៈប៉ុន្មានខែថ្មីៗកន្លងមកនេះ។

កងទ័ពរុស្ស៊ីបានអះអាងថាគេ «បានកម្ទេច» យន្តហោះគ្មានមនុស្សបើកចំនួន ៩គ្រឿង និងបំផ្លាញដ្រូនក្នុងទឹកនៃដែនសមុទ្រចំនួន ៧គ្រឿងផ្សេងទៀត នៅក្នុងការវាយប្រហារកាលពីព្រឹក ថ្ងៃសៅរ៍ ទី២៩តុលានៅក្នុងកំពង់ផែមូលដ្ឋាន Sevastopol នោះ។ ការវាយប្រហាររបស់អ៊ុយក្រែនដាក់លើមូលដ្ឋានរុស្ស៊ីក្នុង តំបន់ឈូងសមុទ្ទខ្មៅ ត្រូវគេឃើញថាបានកើតឡើងជាបន្តបន្ទាប់រយៈពេលវេលាចុងក្រោយនេះ។ កាលពីដើមខែតុលា ស្ពានរបស់ទីក្រុងមូស្គូដែលតភ្ជាប់តំបន់គ្រីមេ ទៅកាន់ដីគោករុស្ស៊ី ដែលសម្ពោធផ្ទាល់ដោយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ក្នុងឆ្នាំ២០១៨ ត្រូវបានខូចខាតដោយការបំផ្ទុះដែលលោកពូទីនបានស្តីបន្ទោសលើ អ៊ុយក្រែន។

ដោយឡែក កាលពីខែសីហាកន្លងមកនេះ កងនាវារុស្ស៊ីដែលឈរជើងនៅក្នុងកំពង់ផែក្នុងឈូងសមុទ្ទខ្មៅនោះ ក៏ត្រូវបានវាយប្រហារដោយដ្រូនរបស់កងកម្លាំង អ៊ុយក្រែនផងដែរ។ ប្រទេសរុស្ស៊ីនៅបានចោទប្រកាន់ទៀតថា តំណាងនៃកងទ័ពជើងទឹកអង់គ្លេស នៅបានជាប់ពាក់ព័ន្ធក្នុងការរៀបចំផែនការ និងរៀបចំការ វាយប្រហារ នៅសមុទ្របាល់ទិកកាលពីថ្ងៃទី២៦ ខែកញ្ញា ជុំវិញការបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream 1 និង Nord Stream 2 ផងទៀត។ ការវាយប្រហារ ថ្ងៃទី២៩ ខែតុលា ដោយដ្រូនលើផ្ទៃអាកាសនិងក្រោមផ្ទៃសមុទ្ទនោះហើយ បាននាំឱ្យរុស្ស៊ីដកខ្លួនចេញកិច្ចព្រមព្រៀងនាំគ្រាប់ធញ្ញជាតិអ៊ុយក្រែនចេញទៅទីផ្សារខាងក្រៅ នោះវិញ ដោយសំអាងលើមូលហេតុកត្តាអសន្តិសុខបានកើតឡើងក្នុងច្រកនៃតំបន់ឈូងសមុទ្ទខ្មៅ នោះ។

ប្រទេសអ៊ុយក្រែនបានប្រញាប់ថ្លែងប្រតិកម្មវិញថា រុស្ស៊ីកំពុងបង្កើតលេសដើម្បីបង្កហេតុរារាំង ដល់ច្រករបៀងនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនចេញទៅ ទីផ្សារខាងក្រៅ។ រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានសរសេរនៅលើ Twitterថា អ៊ុយក្រែន «បានព្រមានអំពីផែនការរបស់រុស្ស៊ី ដែលចង់បំផ្លាញគំនិតផ្តួចផ្តើមនាំគ្រាប់ធញ្ញជាតិតាមច្រកសមុទ្រខ្មៅ» នោះ។ លោក Dmytro Kuleba បានសរសេរបន្តថា ឥឡូវនេះ ក្រុងម៉ូស្គូបានប្រើលេស ក្លែងក្លាយមួយទៀត ដើម្បីបិទច្រករបៀងដឹកចេញគ្រាប់ធញ្ញជាតិ ដែលជាការដឹកជញ្ជួនធានាសន្តិសុខស្បៀងអាហារសម្រាប់ការជួយផ្គត់ផ្គង់ប្រជាជន រាប់លាននាក់។

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនដដែល បានសរសេរអំពាវនាវដល់បណ្តាប្រទេសនានាសូមជួយ ទាមទារឱ្យរុស្ស៊ី ត្រូវបញ្ឈប់ល្បែងបង្កភាពអត់ឃ្លានទាំងនេះចោលចេញ និងអំពាវនាវដល់រុស្ស៊ីត្រូវអនុវត្តនូវកាតព្វកិច្ចរបស់ខ្លួនដើម្បីការនាំគ្រាប់ធញ្ញជាតិអ៊ុយក្រែនចេញទៅទីផ្សារ ក្រៅប្រទេស។ អង្គការសហប្រជាជាតិ សហគមន៍អឺរ៉ុប ប្រទេសតួកគី និងប្រទេសអ៊ុយក្រែន នាពេលនេះបានព្យាយាមរកការដាក់គាបសង្កត់លើរុស្ស៊ីដើម្បីធ្វើយ៉ាងណាឱ្យគ្រាប់ធញ្ញជាតិអ៊ុយក្រែនដឹក តាមនាវាចំនួន១៦ គ្រឿង អាចចាកចេញបានតាមច្រកសមុទ្ទខ្មៅ ខណៈដែលរុស្ស៊ីបានដកខ្លួន ចេញពីការធានាសន្តិសុខនេះហើយ បន្ទាប់ពីមានការវាយប្រហារដោយដ្រូនដាក់មកលើ រុស្ស៊ី នោះមក។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គូទែ័រ៉េស បានថ្លែងថា លោកមានការព្រួយបារម្ភចំពោះទង្វើរបស់រុស្ស៊ី។ លោក អង់តូនីញ៉ូ ហ្គូទែ័រ៉េស បានពន្យាការធ្វើដំណើរចេញក្រៅប្រទេសរបស់លោក ដោយងាកមកព្យាយាមធ្វើយ៉ាងណាស្ដារកិច្ចព្រមព្រៀងនេះឡើងវិញ ក្នុងបំណងជួយកាត់បន្ថយវិបត្តិស្បៀង អាហារនៅលើពិភពលោក។ គ្រាន់តែព្រឹត្តិការណ៍នោះកើតឡើងភ្លាម គ្រាប់ធញ្ញជាតិបានស្ទុះឡើងថ្លៃ៥ភាគរយភ្លាមនៅថ្ងៃចន្ទនេះដោយសារតែអ៊ុយក្រែន និងរុស្ស៊ី គឺជាប្រទេសនាំចេញស្រូវសាឡីដ៏ធំជាងគេបំផុតលើសកលលោក។ ចាប់តាំងពីថ្ងៃអាទិត្យ គឺមួយថ្ងៃបន្ទាប់ពីរុស្ស៊ីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងសន្តិសុខ នាំគ្រាប់ធញ្ញជាតិអ៊ុយក្រែនចេញទៅទីផ្សារក្រៅប្រទេសនោះមក មិនមានកប៉ាល់ណា មួយហ៊ានបើកចេញក្រៅកំពង់ផៃឡើយ។

កាលពីថ្ងៃអាទិត្យទី៣០ ខែតុលា ឆ្នាំ២០២២ ក្នុងពេលកិច្ចប្រជុំរវាងប្រតិភូដែលពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនាំចេញកសិផលនេះ មន្ត្រីរបស់ប្រទេសរុស្ស៊ី បាននិយាយថា រុស្ស៊ី នឹងបន្តកិច្ចសន្ទនាណាជាមួយនឹងអង្គការសហប្រជាជាតិ និងប្រតិភូទួរគី លើតែបញ្ហាបន្ទាន់។ ទោះជាយ៉ាងណា រុស្ស៊ីពុំមានប្រតិកម្មណាមួយ ឡើយចំពោះផែនការចង់នាំគ្រាប់ធញ្ញជាតិចាកចេញនៅថ្ងៃចន្ទនេះឡើយ។ អង្គការណាតូ និងសហភាពអឺរ៉ុបបានជំរុញឲ្យរុស្ស៊ីពិចារណាឡើងវិញចំពោះ ការសម្រេចចិត្តរបស់ខ្លួនដែលបានដកថយចេញពីកិច្ចព្រមព្រៀងនោះ។

ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ដកស្រង់សម្តីអភិបាលក្រុង Sevastopol លោក ម៉ៃខុល រ៉ាហ្សវ៉ូ ហ្សាយ៉េវ Mikhail Razvozhayev ដែលបាននិយាយថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក កាលពីថ្ងៃសៅរ៍កន្លងមកនេះ គឺជាការវាយប្រហារ «ដ៏ធំបំផុត» មួយ ដាក់លើដែនឧបទ្វីបគ្រីមៀរនេះ។

ការវាយប្រហារលើតំបន់ Crimea ដែលគ្រប់គ្រងដោយរុស្ស៊ីចាប់តាំងពីឆ្នាំ២០១៤មកនោះ ត្រូវគេឃើញថា បានកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលអ៊ុយក្រែនបានព្យាយាមចង់ដាក់សម្ពាធលើកងកម្លាំងរុស្ស៊ីវិញជាមួយនឹងការវាយលុកនៅភាគខាងត្បូងដើម្បីការចង់ដណ្តើមយកទឹកដីដែលរុស្ស៊ី បានចូល កាន់កាប់ច្រើនខែកន្លងមកនេះ។

អាជ្ញាធរក្នុងតំបន់ Kherson នៃភាគខាងជើងតំបន់គ្រីមៀរដែលរុស្ស៊ីបានលើកបន្តុបគ្រប់គ្រង បានប្តេជ្ញាប្រែក្លាយទីក្រុងនេះឱ្យក្លាយទៅជាបន្ទាយរឹងមាំមួយដោយ មិនឱ្យមានការវាយលុកទម្លុះរបស់អ៊ុយក្រែនអាចសម្រេចបានឡើយ។ ការវាយប្រហារដោយប្រើយន្តគ្មានមនុស្សបើកបរទាំងពី លើផ្ទៃអាកាសនិងក្រោមទឹកនេះទៀត កំពុងតែមានក្តីបារម្ភថាតើរុស្ស៊ីនឹងសងសឹកមកវិញដោយរបៀបណាក្រៅពីការដកខ្លួនចេញពីកិច្ចព្រមព្រៀងនៃការនាំគ្រាប់ធញ្ញជាតិអ៊ុយក្រែនចេញទៅទីផ្សារខាងក្រៅនោះ?