(មូស្គូ)៖ អគ្គមេបញ្ជាការកងទ័ពជើងទឹករុស្ស៉ី បានឱ្យដឹងកាលពីថ្ងៃអាទិត្យកន្លងទៅថា រុស្ស៉ីកំពុងដំណើរការសាកល្បង នាវាមុជទឹកមួយគ្រឿងថ្មី ដែលដើរដោយថាមពលនុយក្លេអ៊ែរ ចំពោះមុខភាពតានតឹងកើនឡើង ជាមួយក្រុមលោកខាងលិច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន RT នៅថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២។

អគ្គមេបញ្ជាការកងទ័ពជើងទឹករុស្ស៉ី លោក នីកូឡៃ យេវមេនូវ (Nikolay Yevmenov) បានប្រកាសឱ្យដឹងដូច្នេះថា «នាវាមុជទឹកថ្មី ដើរដោយថាមពលនុយក្លេអ៊ែរ ឈ្មោះថា ចេណឺរ៉ាលីស្ស៉ីម៉ូ ស៊ូវ៉ូរូវ (Generalissimo Suvorov) កំពុងស្ថិតក្រោមការដាក់ដំណើរការ​សាកល្បង»

នាវាមុជទឹកថ្មីនេះ គឺជានាវាមុជទឹកបំពាក់មីស៉ីលផ្លោងទី៦ នៃត្រកូលនាវាមុជទឹក «បូរី (Borei)» របស់រុស្ស៉ី និងជានាវា​ទី៣ នៃប្រភេទ Borei-A ដែលត្រូវបានដំឡើងសមត្ថភាពបន្ថែម។ នាវាមុជទឹក Borei-A នីមួយៗ អាចផ្ទុកមីស៉ីលផ្លោងបាលីស្ទិគ ដែលបាញ់ចេញពី​ក្រោមផ្ទៃទឹក ឬហៅកាត់ថា SLBM ប្រភេទ ប៊ូឡាវ៉ា (Bulava) រហូតដល់១៦គ្រាប់ ហើយមីស៉ីលទាំងនេះ សុទ្ធតែអាចបំពាក់ក្បាល​គ្រាប់នុយក្លេអ៊ែរបាន។

គួរបញ្ជាក់ថា ក្នុងខែតុលានេះ ទាំងរុស្ស៉ីនិងបក្សសម្ព័ន្ធយោធាលោកខាងលិច NATO សុទ្ធតែបានធ្វើសមយុទ្ធនុយក្លេអ៊ែរដូចគ្នា។ ដោយឡែក ក្នុងបរិបទនៃសង្រ្គាមនៅអ៊ុយក្រែន ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ធ្លាប់បានប្តេជ្ញាថានឹងប្រើគ្រប់មធ្យោបាយ ដើម្បីការពារប្រជាជននិងទឹកដី របស់ប្រទេសរុស្ស៉ី ជាសម្តីដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តចាត់ទុកជា ការគំរាមប្រើប្រាស់​អាវុធនុយក្លេអ៊ែរ៕