(ប៉េកាំង)៖ នាថ្ងៃចន្ទនេះ ចិនបានបាញ់បង្ហោះកំណាត់បន្ទប់ទី៣ និងជាផ្នែកចុងក្រោយ សម្រាប់ការសាងសង់ស្ថានីយអវកាសរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២។

កំណាត់បន្ទប់ស្រាវជ្រាវហៅថា ម៉េងធាន (Mengtian) ត្រូវបានបញ្ជូនឡើងទីអវកាស តាមរយៈគ្រាប់រ៉ុក្កែតខ្លាំងបំផុតរបស់ចិនគឺ ឡងម៉ាច-ហ្វាយប៊ី (Long March-5B) កាលពីវេលាម៉ោង៣៖៣៧នាទីរសៀល (ម៉ោងក្នុងទីក្រុងប៉េកាំង) ចេញពីមជ្ឈមណ្ឌលបង្ហោះ​គ្រាប់រ៉ុក្កែតអវកាស វិនចាង (Wenchang) នៅខេត្តហៃណាន (Hainan) ភាគខាងត្បូងប្រទេសចិន។

គួរបញ្ជាក់ថា កំណាត់បន្ទប់ខាងលើ នឹងទៅផ្គុំជាមួយកំណាត់បន្ទប់២ទៀត ដែលកំពុងស្ថិតក្នុងទីអវកាសស្រាប់ គឺកំណាត់បន្ទប់ស្នូល ធានហ៉ឺ (Tianhe) និងកំណាត់បន្ទប់ស្រាវជ្រាវ វិនធាន (Wentian) ដើម្បីបង្កើតចេញជាស្ថានីយអវកាសពេញលេញផ្លូវការមួយ ដែលមានសណ្ឋានរាងជាអក្សរ «T» និងមានឈ្មោះថា ធានហ្កុង (Tiangong)។

ដំណើរការសាងសង់ស្ថានីយអវកាសចិន ធានហ្កុង បានចាប់ផ្តើមដំបូងកាលពីខែមេសា ឆ្នាំ២០២១ តាមរយៈការបាញ់បង្ហោះកំណាត់បន្ទប់ស្នូល ធានហ៉ឺ ឡើងទីអវកាស។ ចាប់តាំងពីនោះមក ចិនបានចេញបេសកកម្មជាបន្តបន្ទាប់ ដើម្បីដឹកជញ្ជូនសម្ភារ និងក្រុមអវកាសយានិក ទៅកាន់កំណត់បន្ទប់ ធានហឺ។ ចំណែកឯ កំណាត់បន្ទប់ វិនធាន គឺត្រូវបានបាញ់បង្ហោះកាលពីខែកក្កដា ឆ្នាំនេះ។ នៅពេលសាងសង់រួចរាល់ជាស្ថាពរ ធានហ្កុង នឹងក្លាយជាស្ថានីយអវកាសទី២ ដែលមានក្រុមអវកាសយានិកស្នាក់នៅជាប់ជាអចិន្រ្តៃយ៍ បន្ទាប់ពីស្ថានីយអវកាសអន្តរជាតិ ISS ដែលដឹកនាំដោយ សហរដ្ឋអាមេរិក៕