(កៀវ)៖ នាថ្ងៃចន្ទនេះ ការវាយប្រហារដោយមីស៉ីល ត្រូវបានរាយការណ៍នៅតំបន់ផ្សេងៗ ក្នុងប្រទេសអ៊ុយក្រែន រួមទាំងរដ្ឋធានីកៀវផងដែរ បន្ទាប់ពីសប្តាហ៍មុន រុស្ស៉ីបានទម្លាក់កំហុសលើអ៊ុយក្រែន សម្រាប់ការវាយប្រហារដោយដ្រូន ទៅលើក្រុមនាវាយោធារបស់ខ្លួន ប្រចាំសមុទ្រខ្មៅ ដែលឈរជើងនៅតំបន់គ្រីមៀ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២។

ផ្សែងខ្មៅៗត្រូវបានគេមើលឃើញ ហុយឡើងលើផ្ទៃអាកាសនៅទីក្រុងកៀវ បន្ទាប់ពីហេតុការណ៍ផ្ទុះជាង១០លើក ត្រូវបានឮសូរនៅទីនោះ ខណៈពួកវាទំនងជាលទ្ធផល នៃការវាយប្រហារដោយមីស៉ីល។ យោងតាមអភិបាលក្រុងកៀវ នៅផ្នែកមួយចំនួននៃទីក្រុង ការផ្គត់ផ្គង់ទឹក អគ្គិសនី ព្រមទាំងបណ្តាញទូរស័ព្ទ គឺបានដាច់ក្រោយបន្ទុះទាំងនោះ។ ទន្ទឹមគ្នា អាជ្ញាធរអ៊ុយក្រែន នៅតំបន់ភាគខាងជើង ខាងកើត និងភាគកណ្តាល ក៏បានរាយការណ៍ពី ការវាយប្រហារដោយមីស៉ីល កាលពីវេលាព្រឹកថ្ងៃចន្ទនេះផងដែរ។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ ទីក្រុងមូស្គូបានបង្កើនការវាយប្រហារមីស៉ីលរបស់ខ្លួន មកលើអ៊ុយក្រែន ដែលនា​ពេលនោះ រុស្ស៉ីបានចោទទីក្រុងកៀវថា ជាអ្នកនៅពីក្រោយការបំផ្ទុះស្ពានយុទ្ធសាស្រ្ត ដែលតភ្ជាប់តំបន់គ្រីមៀជាមួយប្រទេសរុស្ស៉ី។ ដោយឡែក កាលពីចុងសប្តាហ៍កន្លងទៅនេះ រុស្ស៉ីបានអះអាងថា ក្រុមនាវាយោធារបស់ខ្លួន នៅឯតំបន់គ្រីមៀ បានរងការវាយប្រហារដោយយន្តហោះដ្រូន ពីសំណាក់អ៊ុយក្រែន៕