(ស៉ីដនី)៖ ប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលី បានរាយកាណ៍នៅថ្ងៃចន្ទនេះថា សហរដ្ឋអាមេរិកគ្រោងនឹងដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែក B-52 ចំនួន ៦គ្រឿង ទៅកាន់មូលដ្ឋានទ័ពអាកាសនៅភាគខាងជើងប្រទេសអូស្ត្រាលី ខណៈវិធានការមួយនេះអាចបង្កភាពតានតឹងកាន់តែខ្លាំងជាមួយក្រុងប៉េកាំង។ នេះបើយោង តាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២។

គ្រឿងបរិក្ខារពិសេសសម្រាប់យន្តហោះទម្លាក់គ្រាប់បែក នឹងត្រូវដំឡើងនៅមូលដ្ឋានទ័ពអាកាស ទីនដាល (Tindal) ដែលស្ថិតចម្ងាយប្រហែល ៣០០គីឡូម៉ែត្រ ពីភាគខាងត្បូងទីក្រុងដាវីន (Darwin) ជារដ្ឋធានីនៃដែនដីភាគខាងជើងនៃប្រទេសអូស្ត្រាលី។ នេះជាផែនការលម្អិតរបស់សហរដ្ឋអាមេរិក នៅដែនដី ភាគខាងជើងអូស្រ្តាលី សម្រាប់អ្វីដែលខ្លួនហៅថា «កន្លែងប្រតិបត្តិការកងអនុសេនាធំ» ឬជាមជ្ឈមណ្ឌលថែទាំ និងសំចតយន្តហោះ B-52s។

ជុំវិញព័ត៌មាននេះ ការិយាល័យរបស់លោក រីឆាដ ម៉ាឡេស (Richard Marles) រដ្ឋមន្រ្តីការពារជាតិអូស្រា្តលី មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយ នោះទេ។

គួរបញ្ជាក់ថា ដែនដីភាគខាងជើងនៃប្រទេសអូស្ត្រាលី បានរៀបចំកិច្ចសហប្រតិបត្តិការយោធា ជាញឹកញាប់ជាមួយសហរដ្ឋអាមេរិករួចហើយ។ ជាមួយគ្នានេះ កងម៉ារីន អាមេរិករាប់ពាន់នាក់ បានប្តូរវេនជារៀងរាល់ឆ្នាំសម្រាប់ការហ្វឹកហ្វឺន និងធ្វើសមយុទ្ធរួមគ្នា ដែលបានចាប់ផ្តើមដំបូងក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា។ ផែនការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយ ទៅកាន់ប្រទេសអូស្ត្រាលីនាពេលនេះ ក៏អាចជាការបង្ហាញសមត្ថភាពរបស់ ទីក្រុងវ៉ាស៊ីនតោន ក្នុងការវាយប្រហារតាមអាកាសដ៏មានឥទ្ធិពល៕