(សេអ៊ូល)៖ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះបានចាប់ផ្ដើមធ្វើសមយុទ្ធកងទ័ពអាកាសរួមគ្នាទ្រង់ទ្រាយធំមួយមិនធ្លាប់មាន ដោយមានការចូលរួមពី យន្ដហោះចម្បាំងរាប់រយគ្រឿងនៃសម្ព័ន្ធមិត្តទាំង២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២។

សមយុទ្ធទ័ពអាកាសខាងលើដែលមានឈ្មោះថា Vigilant Storm នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃចន្ទ រហូតដល់ថ្ងៃសុក្រសប្ដាហ៍នេះ និងមានយន្ដហោះចម្បាំងសរុបចំនួន ២៤០គ្រឿងចូលរួម ក្នុងនោះរួមមានទាំងយន្ដហោះចម្បាំង F-35 របស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ខណៈអូស្ត្រាលីក៏នឹងបញ្ជូនយន្ដហោះចាក់សាំងនៅលើ អាកាសសម្រាប់សមយុទ្ធនេះដែរ។

គួរបញ្ជាក់ថា កូរ៉េខាងជើង ជារឿយៗតែងតែថ្កោលទោសការធ្វើសមយុទ្ធយោធារួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដោយចាត់ទុកថាវាជាការត្រៀមលក្ខណៈ ត្រៀមឈ្លានពានផ្ដួលរំលំរបបដឹកនាំលោក គីម ជុងអ៊ុន។ ជាការតវ៉ានឹងសមយុទ្ធ នាពេលកន្លងមក កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល ដឹកនាំសមយុទ្ធទ័ពអាកាស និងបាញ់កាំភ្លើងធំចូលសមុទ្រ។ ប៉ុន្តែ ​សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានអះអាងថាការធ្វើសមយុទ្ធរបស់ខ្លួន គឺមានគោលដៅទប់ស្កាត់ការគំរាមកំហែងពីសំណាក់ កូរ៉េខាងជើង ដែលត្រូវបានគេរាយការណ៍ថាអាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញឆាប់ៗនេះ៕