(វែលីងតោន)៖ រដ្ឋាភិបាលនូវែលសេឡង់ នៅថ្ងៃចន្ទនេះបានប្រកាសថា ខ្លួនបានផ្អាកកិច្ចពិភាក្សាសិទ្ធិមនុស្សទ្វេភាគីជាផ្លូវការជាមួយប្រទេសអ៊ីរ៉ង់ ដោយលើកឡើងថាវិធីសាស្រ្តទ្វេភាគីគឺ «មិនអាចបន្តទៅបានទៀតទេ» ផ្អែកលើការបដិសេធសិទ្ធិមនុស្សជាមូលដ្ឋាននៅក្នុងប្រទេសអ៉ីរ៉ង់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២។

នូវែលសេឡង់ និងអ៊ីរ៉ង់ បានបង្កើតកិច្ចសន្ទនាគ្នាក្នុងឆ្នាំ២០១៨ ដើម្បីជំរុញការដោះស្រាយលើបញ្ហាសិទ្ធិមនុស្សនិងក្តីកង្វល់នានា។ ជុំទីមួយនៃកិច្ចចរចាត្រូវបានធ្វើឡើងកាលឆ្នាំ២០២១ ហើយការចរចាបន្ទាប់ត្រូវធ្វើឡើងក្រោយនៅឆ្នាំ២០២២។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ លោកស្រី ណាណាយ៉ា ម៊ូហ៊ូតា (Nanaia Mahuta) បាននិយាយថា ការសម្រេចផ្អាកកិច្ចសន្ទនានេះ គឺជាការបញ្ជូនសញ្ញាដ៏រឹងមាំមួយថា វិធីសាស្រ្តទ្វេភាគីស្តីពីសិទ្ធិមនុស្សមិនអាចដំណើរការទៅបានឡើយ ដោយអ៊ីរ៉ង់បានបដិសេធសិទ្ធិមនុស្សជាមូលដ្ឋាននិងបង្ក្រាបការតវ៉ាដោយហិង្សា។ លោកស្រី បានគូសបញ្ជាក់ថា «អំពើហិង្សាមកលើស្ត្រី កុមារី ឬសមាជិកដទៃទៀតនៃសង្គមអ៊ីរ៉ង់ ដើម្បីរារាំងការអនុវត្តសិទ្ធិមនុស្សជាសកលរបស់ពួកគេ គឺមិនអាចទទួលយកបានឡើយហើយត្រូវតែបញ្ចប់»

គួរបញ្ជាក់ថា បាតុកម្មកាន់តែខ្លាំងក្លាបានកើតឡើងទូទាំងប្រទេសអ៉ីរ៉ង ក្រោយការស្លាប់របស់នាង ម៉ាសា អាមីនី (Mahsa Amini) បន្ទាប់ពីនាងត្រូវបានប៉ូលិសសីលធម៌ចាប់ខ្លួនពីបទស្លៀកពាក់មិនសមរម្យ។ កាលពីថ្ងៃពុធសប្តាហ៍មុន រដ្ឋាភិបាលនូវែលសេឡង់ ក៏បានការព្រមានដល់ពលរដ្ឋរបស់ខ្លួនអំពីការធ្វើដំណើរនៅក្នុងប្រទេសអ៊ីរ៉ង់ និងបានជំរុញឲ្យប្រជាជននូវែលសេឡង់ដែលកំពុងនៅទីនោះចាកចេញពីប្រទេសផងដែរ៕