(មូស្គូ)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ បានបន្តរិះគន់លោក ចូ បៃដិន ជុំវិញសង្គ្រាម នៅអ៊ុយក្រែន ជាមួយការបង្ហាញក្ដីរំពឹងថាលោកប្រធានាធិបតីអាមេរិក នឹងមានឆន្ទៈក្នុងការដោះស្រាយការប្រឈមមុខដាក់គ្នា ឱ្យដូចគ្នាទៅនឹងការដោះស្រាយ វិបត្តិមីស៊ីលគុយបា ឆ្នាំ១៩៦២ ដែរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២។

ក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍រដ្ឋរុស្ស៉ីស្តីពីវិបត្តិមីស៊ីល លោក ឡាវរ៉ូវ បាននិយាយថា ស្ថានភាពសព្វថ្ងៃ គឺវាស្រដៀងគ្នាទៅនឹងឆ្នាំ១៩៦២ ពីព្រោះរុស្ស៉ីកំពុង រងការគំរាមកំហែង ដោយអាវុធរបស់លោកខាងលិចនៅឯអ៊ុយក្រែន។ លោក ឡាវរ៉ូវ បានគូសបញ្ជាក់ថា «ខ្ញុំសង្ឃឹមថា ស្ថិតក្នុងស្ថានភាពដូចសព្វថ្ងៃនេះ លោកប្រធានាធិបតី បៃដិន នឹងមានឱកាសកាន់តែច្រើនដើម្បីយល់ថាតើនរណាជាអ្នកបង្គាប់បញ្ជា និងរបៀបដែលត្រូវបានបង្គាប់បញ្ជា។ ស្ថានភាពបែបនេះ វា ពិតជារំខានខ្លាំងណាស់»។ លោកបន្ថែមថា ភាពខុសគ្នារវាងស្ថានភាពបច្ចុប្បន្ន និងឆ្នាំ១៩៦២ នោះគឺលោកគ្រូសឆេវ (Khrushchev) និងលោក ខេននេឌី (Kennedy) បានបង្ហាញពីទំនួលខុសត្រូវ និងឆន្ទៈ តែសព្វថ្ងៃលោក ឡាវរ៉ូវយល់ថាសហរដ្ឋអាមេរិកមិនទាន់ត្រៀមលក្ខណៈនោះទេ។

អ្នកនាំពាក្យរបស់ក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន បានបដិសេធមិនធ្វើអត្ថាធិប្បាយលើការអត្ថាធិប្បាយរបស់លោក ឡារ៉ូវ នោះឡើយ ប៉ុន្តែបានលើកឡើងថា ទីក្រុងវ៉ាស៉ីនតោន កន្លងមកនៅតែរក្សាទំនាក់ទំនងបើកចំហជាមួយទីក្រុងមូស្គូ។

គួរបញ្ជាក់ថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន បានបង្កឲ្យមានការប្រឈមមុខដាក់គ្នាដ៏ធំបំផុត រវាងទីក្រុងមូស្គូ និងលោកខាងលិច ចាប់តាំងពីវិបត្តិគុយបា នៅពេលដែលសហភាពសូវៀត និងសហរដ្ឋអាមេរិក ដែលស្ទើរតែនឹងធ្វើឲ្យផ្ទុះសង្រ្គាមនុយក្លេអ៊ែរ៕