(កុងហ្គោ)៖ មេប៉ូលីសបានបានរាយការណ៍ឲ្យដឹងនៅថ្ងៃអាទិត្យនេះថា អ្នកទស្សនាចំនួន ៧នាក់ និងមន្ត្រីប៉ូលីសម្នាក់បានស្លាប់ នៅក្នុងការរត់ជាន់គ្នានៅឯការប្រគុំតន្ត្រីដ៏កកកុញមួយ ដោយតារាតន្ត្រីអាហ្វ្រិក Fally Ipupa នៅកីឡដ្ឋានដ៏ធំបំផុត ក្នុងរដ្ឋធានីរបស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។ នរះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០២២។

ឧត្តមសេនីយ Sylvain Sasongo បាននិយាយថា «មានអ្នកស្លាប់ចំនួន ៨នាក់ រួមទាំងមន្រ្តីប៉ូលីសម្នាក់ផងដែរ»

កីឡដ្ឋាន Martyrs មានសមត្ថភាពផ្ទុកមនុស្សបាន ៨០,០០០នាក់ ត្រូវបានគេរាយការណ៍ថា កីឡាដ្ឋានមួយនេះគឺពេញតែម្តងរកកន្លែងអង្គុយគ្មាន សូម្បីច្រករបៀងក៏ពេញដែរ។

មន្ត្រីប៉ូលិសម្នាក់នៅកន្លែងកើតហេតុ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ប្រទេសកុងហ្គោថា «វាជាការរត់ជាន់គ្នា» ដែលបណ្តាលឱ្យមនុស្សស្លាប់ដោយថប់ដង្ហើម។

ទោះជាយ៉ាងមូលហេតុដែលបណ្តាលមានហេតុការណ៍រត់ជាន់គ្នានេះ អាជ្ញាធរមិនទាន់បានបញ្ជាក់ឲ្យដឹងនៅឡើយងទេ៕