(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៉ី ជិនពីង នៅថ្ងៃអាទិត្យនេះ បានផ្ញើសារចូលរួមរំលែកទុក្ខទៅកាន់ ប្រធានាធិប​តីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល ជុំវិញសោកនាដកម្មមនុស្សជាន់គ្នាស្លាប់ និងរបួសជាច្រើននាក់ នៅកណ្តាលទីក្រុងសេអ៊ូល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០២២។

ក្នុងសាររំលែកទុក្ខនោះ លោកប្រធានាធិបតីចិន បានសរសេរដូច្នេះថា «ខ្ញុំបានទទួលដំណឹងថា មានជនរងគ្រោះយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងហេតុការណ៍មនុស្សជាន់គ្នាដ៏អាក្រក់មួយ នៅរដ្ឋធានីសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូង។ ខ្ញុំសូមបង្ហាញក្តីសោកសៅយ៉ាងជ្រាលជ្រៅ ចំពោះជនរងគ្រោះទាំងអស់ ដោយតាងនាមឱ្យរដ្ឋាភិបាលក៏ដូចជាប្រជាជនចិន និងសូមផ្ញើការចូលរួមរំលែកទុក្ខទៅកាន់គ្រួសារអ្នកស្លាប់ និងអ្នកដែលរងរបួសទាំងឡាយ»។ លោក ស៉ី ក៏បានលើកឡើងពី ជនជាតិចិនមួយចំនួន ដែលបានស្លាប់និងរងរបួស ក្នុងហេតុការណ៍នោះផងដែរ ហើយបានស្នើឱ្យខាងរដ្ឋាភិបាលកូរ៉េខាងត្បូង ចាត់វិធានការឱ្យបានសមស្រប។

គួរបញ្ជាក់ថា ហេតុការណ៍សោកនាដកម្មខាងលើ បានកើតឡើងកាលពីយប់ថ្ងៃសៅរ៍ កំលុងពេលមនុស្សប្រហែលជា ១០០,០០០នាក់ បានទៅប្រមូលផ្តុំគ្នានៅសង្កាត់ដែលពេញនិយម សម្រាប់ការដើរកម្សាន្តពេលរាត្រី នៃទីក្រុងសេអ៊ូល ដើម្បីអបអរពិធីបុណ្យ Halloween ដែលទើបតែត្រូវបានប្រារព្ធជាលើកដំបូងឡើងវិញ នៅរដ្ឋធានីរបស់កូរ៉េខាងត្បូង ក្នុងរយៈពេល៣ឆ្នាំ មកនេះ។ រដ្ឋាភិបាលកូរ៉េខាងត្បូង បានសម្រេចប្រកាសកាន់ទុក្ខរយៈពេល១សប្តាហ៍ គឺចាប់ពីថ្ងៃអាទិត្យនេះ ដល់ថ្ងៃសៅរ៍សប្តាហ៍ក្រោយ។

តួលេខចុងក្រោយពីអាជ្ញាធរកូរ៉េខាងត្បូង បានបង្ហាញថា មនុស្សកើនដល់យ៉ាងហោច ១៥៣នាក់បានស្លាប់ និង៨២នាក់រងរបួស ក្នុងនោះ១៩នាក់ របួសធ្ងន់។ ក្នុងចំណោមអ្នកបាត់បង់ជីវិត តួលេខជនបរទេសបានកើនដល់ ២២នាក់ រួមមានជនជាតិចិន ៤នាក់, អ៉ីរ៉ង់៤នាក់, រុស្ស៉ី៣នាក់, អាមេរិក១នាក់, បារាំង១នាក់, អូស្រ្តាលី១នាក់, វៀតណាម១នាក់, អ៊ូសបេគីស្ថាន១នាក់, ន័រវែស១នាក់, កាហ្សាក់ស្ថាន១នាក់, ស្រីលង្កា១នាក់, ថៃ១នាក់, និងអូស្រ្តាលី១នាក់ ខណៈជនបរទេសម្នាក់ចុងក្រោយ មិនទាន់ត្រូវបានកំណត់អត្តសញ្ញាណ នៅឡើយទេ៕