(ម៉ូហ្កាឌីស្យូ)៖ នៅថ្ងៃអាទិត្យនេះ ប្រធានាធិបតីសូម៉ាលីបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ចំនួន ១០០នាក់បានបាត់បង់ជីវិត និងប្រហែល៣០០នាក់ បានទទួលរងរបួស ក្នុងហេតុការណ៍បំផ្ទុះរថយន្ត២លើកបន្តបន្ទាប់គ្នា នៅក្បែរក្រសួងអប់រំក្នុងរដ្ឋធានីម៉ូហ្កាឌីស្យូ (Mogadishu) នៃប្រទេសអាហ្រ្វិកខាងកើតមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០២២។

ប្រធានាធិបតីសូម៉ាលី លោក ហាស្សាន ស៉ីអ៉ីក ម៉ូហាមូដ (Hassan Sheikh Mohamud) បានប្រកាសឱ្យដឹងដូចខាងលើ បន្ទាប់ពីលោកបានចុះទៅដល់ ទីតាំងរងការវាយប្រហារ។ ហេតុការណ៍ផ្ទុះលើកទីមួយ បានកើតឡើងនៅចំណុចផ្លូវបំបែកដ៏មមាញឹកមួយកន្លែងឈ្មោះ K5 ក្នុងទីក្រុងម៉ូហ្កាឌីស្យូ ខណៈបន្ទុះលើកទីពីរកើតឡើងតាមក្រោយ ស្របពេលរថយន្តសង្រ្គោះបន្ទាន់ បានធ្វើដំណើរមកដល់កន្លែងហេតុ ហើយមនុស្សម្នានាំគ្នាប្រមូលផ្តុំ ដើម្បីជួយជនរងគ្រោះ ក្នុងបន្ទុះលើកទីមួយ។

មិនទាន់មានក្រុមណាមួយ ចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារខាងលើ នៅឡើយទេ ប៉ុន្តែលោក ម៉ូហាមូដ បានទម្លាក់កំហុស​ចំពោះ ក្រុមសកម្មប្រយុទ្ធ អាល់ សាបាអាប (al Shabaab) ខណៈជាទូទៅក្រុមសកម្មប្រយុទ្ធនេះ ចៀសវាងចេញមុខធ្វើការអះអាងទទួល​ខុសត្រូវ សម្រាប់ការវាយប្រហារទាំងឡាយ ដែលបង្កឱ្យមានមនុស្សស្លាប់និងរបួសច្រើនខ្លាំង។

គួរបញ្ជាក់ថា ការវាយប្រហារកាលពីថ្ងៃសៅរ៍ គឺកើតឡើងចំតំបន់ដូចគ្នាទៅនឹង ហេតុការណ៍បំផ្ទុះគ្រាប់បែកធំបំផុត ក្នុងប្រទេសសូម៉ាលី ដែលបានផ្តាច់ជីវិតមនុស្សច្រើនជាង ៥០០នាក់ កាលពីខែតុលា ឆ្នាំ២០១៧។ នាពេលនោះ រថយន្តធុនធំមួយគ្រឿង ត្រូវបានគេបំផ្ទុះក្បែរសណ្ឋាគារមួយកន្លែង នៅចំណុចផ្លូវប្រសព្វ K5៕