(សេអ៊ូល)៖ នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក ហាន ឌុកស៊ូ (Han Duck-soo) នៅថ្ងៃអាទិត្យនេះ បាននិយាយថា ខាងរដ្ឋាភិបាលនឹងផ្តល់​ការគាំទ្រ ក៏ដូចជាថវិកាឧបត្ថម្ភ សម្រាប់គ្រួសារជនរងគ្រោះ ដែលបានបាត់បង់ជីវិត និងរងរបួស ក្នុងហេតុការណ៍មនុស្សច្រើនកកកុញខ្លាំងរហូតជាន់គ្នា កំលុងពិធីបុណ្យ Halloween នៅឯទីក្រុងសេអ៊ូល កាលពីយប់ថ្ងៃសៅរ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០២២។

លោក ហាន បាននិយាយដូច្នេះថា «រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងដាក់ដំណើរការ ក្រុមការងារមួយសម្រាប់គាំទ្រ ដល់ការរៀបចំបុណ្យសព សម្រាប់អ្នកស្លាប់ ហើយនឹងឆ្លើយតបយ៉ាងពេញលេញ ចំពោះការព្យាបាលអ្នកដែលរងរបួស ខណៈការងារនេះនឹងប្រព្រឹត្តទៅ អមជាមួយក្រសួងសុខាភិបាលនិងសុខុមាលភាព។ មិនតែប៉ុណ្ណោះ ក៏នឹងមានការផ្តល់ការព្យាបាលផ្លូវចិត្ត សម្រាប់គ្រួសារសព និងអ្នកទទួលរងរបួស ផងដែរ»

គួរបញ្ជាក់ថា ហេតុការណ៍មនុស្សជាន់គ្នាស្លាប់និងរបួសខាងលើ បានកើតឡើងនៅសង្កាត់អ៉ីតែវ៉ុន (Itaewon) នៃរដ្ឋធានីសេអ៊ូល ដែលជា​តំបន់ពេញនិយមជាខ្លាំង សម្រាប់ការដើរកម្សាន្តពេលរាត្រី។ តួលេខចុងក្រោយបំផុតពីអាជ្ញាធរកូរ៉េខាងត្បូង គឺមនុស្សចំនួន១៥១នាក់បានស្លាប់ ក្នុងនោះមានជនបរទេស ១៩នាក់ ខណៈអ្នករបួសមាន ៨២នាក់៕