(មូស្គូ)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ទីក្រុងមូស្គូបានប្រកាសផ្អាកការចូលរួមរបស់ខ្លួន នៅក្នុងកិច្ចព្រមព្រៀងសំខាន់មួយ ដែលអនុញ្ញាតឱ្យ គ្រាប់ធញ្ញជាតិអាចត្រូវនាំចេញពីកំពង់ផែរបស់អ៊ុយក្រែន ក្រោមហេតុផលថា ក្រុមនាវាយោធារុស្ស៉ីបានទទួលរង ការវាយប្រហារដោយដ្រូន នៅឯតំបន់គ្រីមៀ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០២២។

កិច្ចព្រមព្រៀងខាងលើ ដែលសម្រេចបានក្រោមការជួយសម្របសម្រួល របស់តួកគីនិងអង្គការសហប្រជាជាតិ (UN) បានបើកឡើងវិញនូវការនាំចេញគ្រាប់ធញ្ញជាតិពី កំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើង កាលពីខែកុម្ភៈ។ វាត្រូវបានចុះហត្ថលេខា រវាងទីក្រុងមូស្គូនិងទីក្រុងកៀវ កាលពីខែកក្កដា ហើយបានដើរតួនាទីសំខាន់ជាខ្លាំង ក្នុងការជួយបន្ធូរបន្ថយវិបត្តិស្បៀងអាហារពិភពលោក ដែលបង្កឡើងដោយសារជម្លោះរវាងប្រទេសទាំងពីរ។

គួរបញ្ជាក់ថា ចាប់តាំងពីមានកិច្ចព្រមព្រៀងមក គ្រាប់ធញ្ញជាតិអ៊ុយក្រែនសរុបជាង ៩លានតោន ត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ពិភពលោក ខណៈកិច្ចព្រមព្រៀងនោះ ត្រូវបានគ្រោងនឹងបន្តសុពលភាពទៅមុខទៀត នៅថ្ងៃទី១៩ ខែវិច្ឆិកា ខាងមុខ។ ការប្រកាសផ្អាករបស់ភាគីរុស្ស៉ី កើតមានឡើង បន្ទាប់ពីក្នុងថ្ងៃសៅរ៍ដដែល ទីក្រុងមូស្គូបានអះអាងថា ទីក្រុងកៀវបានធ្វើសកម្មភាពវាយប្រហារ តាមយន្តហោះដ្រូនទៅលើ ក្រុមនាវាយោធារបស់ខ្លួនប្រចាំសមុទ្រខ្មៅ។ យ៉ាងណាមិញ អ៊ុយក្រែនបានហៅការអះអាងរបស់រុស្ស៉ីថា ជាការភូតកុហកដើម្បីបង្កើតលេស រីឯ UN បានចេញមុខអំពាវនាវឱ្យភាគីទាំងពីរ បន្តរក្សាកិច្ចព្រមព្រៀង៕