(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) នៅថ្ងៃអាទិត្យនេះ បានប្រកាសពីរយៈពេលសម្រាប់ការកាន់ទុក្ខនៅទូទាំងប្រទេស បន្ទាប់ពីមនុស្សយ៉ាងហោចណាស់ ១៤៩នាក់បានស្លាប់ កាលពីយប់ថ្ងៃសៅរ៍ នៅសង្កាត់អ៉ីតែវ៉ុន (Itaewon) នៃរដ្ឋធានីសេអ៊ូល កំលុងពិធីបុណ្យ Halloween ដោយសារតែស្ថានភាពមនុស្សច្រើនកកកុញខ្លាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០២២។

ក្នុងការថ្លែងសារនាព្រឹកថ្ងៃអាទិត្យនេះ លោក យូន បានផ្ញើការចូលរួមរំលែកទុក្ខដល់ គ្រួសារនៃជនរងគ្រោះដែលបានបាត់បង់ជីវិត និងជូនពរឱ្យអ្នករងរបួសទាំងអស់ ឆាប់ជាសះស្បើយវិញ។ លោក យូន បានបន្តថា រូបលោកមានអារម្មណ៍សោកសង្រេងជាទីបំផុត ពេលឃើញមានសោកនាដកម្មបែបនេះ កើតឡើងនៅកណ្តាលទីក្រុងសេអ៊ូល ហើយលោកបានប្តេជ្ញាថា នឹងរៀបចំចំណាត់ការផ្សេងៗ ដើម្បីទប់ស្កាត់កុំឱ្យហេតុការណ៍ស្រដៀងគ្នា អាចកើតមានឡើងសាជាថ្មី នាពេលអនាគត។

គួរបញ្ជាក់ថា បើតាមលោកប្រធានាធិបតីកូរ៉េខាងត្បូង រយៈពេលនៃការកាន់ទុក្ខនៅទូទាំងប្រទេស គឺចាប់ពីថ្ងៃនេះរហូតដល់ពេលដែល ការចាត់ចែងដោះស្រាយឧបទ្ទវហេតុបញ្ចប់ទៅវិញ។ ហេតុការណ៍មនុស្សណែនតាន់តាប់ រហូតបង្កឱ្យមានអ្នកស្លាប់ច្រើននាក់ខាងលើនេះ គឺជាសោកនាដកម្មដ៏អាក្រក់បំផុតមួយ ក្នុងប្រវត្តិសាស្រ្តកូរ៉េខាងត្បូង គិតចាប់តាំងពីករណីលិចសាឡង់ កាលពីឆ្នាំ២០២៤ ដែលបានស្លាប់មនុស្ស ៣០៤នាក់ ដែលភាគច្រើន​ជាក្មេងៗសិស្សសាលាកម្រិតវិទ្យាល័យ៕