(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានផ្ញើសារសម្តែងនូវទុក្ខក្រៀមក្រំយ៉ាងជ្រាលជ្រៅបំផុត បន្ទាប់ពីមនុស្សយ៉ាងតិច ១៤៩នាក់ បានបាត់បង់ជីវិត ដោយសារការរត់ជាន់គ្នា កំលុងពិធីបុណ្យ ហាឡូវីន (Halloween) ដែលមានមនុស្សណែនតាន់តាប់ខ្លាំង នៅឯប្រទេសកូរ៉េខាងត្បូង កាលពីយប់ថ្ងៃសៅរ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០២២។

លោក បៃដិន បានសរសេរសារដូច្នេះថា «លោកស្រី ជៀល និងរូបខ្ញុំ សូមផ្ញើទុក្ខក្រៀមក្រំយ៉ាងជ្រាលជ្រៅបំផុត ទៅកាន់ក្រុមគ្រួសារ ដែលបានបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្លួន នៅទីក្រុងសេអ៊ូល។ យើងកាន់ទុក្ខជាមួយប្រជាជនកូរ៉េខាងត្បូងខាងត្បូង ហើយជូនពរឱ្យអ្នកដែលទទួលរងរបួសទាំងអស់ ឆាប់ជាសះស្បើយឡើងវិញ។ សហរដ្ឋអាមេរិកឈរនៅជាមួយ កូរ៉េខាងត្បូងជានិច្ច កំលុងពេលវេលា​ដ៏ទុក្ខសោកមួយនេះ»។ ក្រៅពីអ្នកស្លាប់ ក៏មានមនុស្សប្រហែល១៥០នាក់ទៀត រងរបួសផងដែរ។

គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយនៅកូរ៉េខាងត្បូង ហេតុការណ៍សោកនាដកម្មខាងលើ បានកើតឡើងនៅពេលមនុស្សច្រើនរហូតដល់ខ្ទង់ ១០០,០០០នាក់ បាននាំគ្នាប្រមូលផ្តុំនៅសង្កាត់ អ៉ីតែវ៉ុន (Itaewon) នៃរដ្ឋធានីសេអ៊ូល កាលពីយប់ថ្ងៃសៅរ៍ ដើម្បីចូលរួមពិធីបុណ្យ Halloween ជាហេតុនាំ​ឱ្យមានការពិបាកដកដង្ហើម និងដួលសន្លប់ ក្រោមស្ថានការណ៍ចង្អៀតកកកុញខ្លាំងពេក។ អាជ្ញាធរកូរ៉េខាងត្បូងបានឱ្យដឹងថា ជនរងគ្រោះភាគច្រើនជាយុវវ័យ ឬមានអាយុត្រឹម២០ប្លាយប៉ុណ្ណោះ៕