(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា បុគ្គលិកកងទ័ពជើងទឹកអង់គ្លេសបានបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream កាលពីខែមុន ដែលជាការចោទប្រកាន់ដោយផ្ទាល់មកលើសមាជិកអង្គការណាតូ ពីបទបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរុស្ស៊ីដ៏សំខាន់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០២២។

ក្រសួងការពារជាតិរុស្ស៉ី មិនបានផ្តល់ភស្តុតាងសម្រាប់ការអះអាងរបស់ខ្លួនទេ។ ប៉ុន្តែបានគូសបញ្ជាក់ថា អ្នកឯកទេសអង់គ្លេសមកពីអង្គភាពតែមួយ បានដឹកនាំការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែន មកលើកប៉ាល់នៃកងនាវាសមុទ្រខ្មៅរបស់រុស្ស៊ីនៅតំបន់គ្រីមៀ នៅថ្ងៃសៅរ៍នេះ ដោយបង្កការខូចខាតបន្តិចបន្តួចចំពោះអ្នកបោសសម្អាតមីនរបស់រុស្ស៊ី។

ក្រៅពីនេះ អ្នកតំណាងនៃអង្គភាពកងទ័ពជើងទឹកអង់គ្លេស បានចូលរួមក្នុងការរៀបចំផែនការ ធ្វើសកម្មភាព និងការអនុវត្តការវាយប្រហារភេរវកម្មនៅសមុទ្របាល់ទិក កាលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ ដែលជាការបំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream 1 និង Nord Stream 2 ។

ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេស បានបដិសេធមិនធ្វើអត្ថាធិប្បាយនោះទេ ជុំវិញការចោទប្រកាន់របស់រុស្ស៊ី។

គួរបញ្ជាក់ថា បំពង់បង្ហូរប្រេងទាំងពីរដែលត្រូវបានបំផ្ទុះ កាលពីថ្ងៃទី២៦ ខែកញ្ញា ជាការបង្កការបំផ្លិចបំផ្លាញដល់ច្រករបៀងថាមពលដ៏សំខាន់បំផុតមួយរបស់រុស្ស៊ី៕