(វ៉ាស៉ីនតោន)៖ បុរសម្នាក់ដែលបានវាយប្រហារលើស្វាមីរបស់ លោកស្រី ណាន់ស៉ី ផេឡូស៉ី ប្រធានសភាអាមេរិក ប្រឈមមុខនឹងការចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាត និងបទឧក្រិដ្ឋផ្សេងៗ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០២២។

ប៉ូលិស​ បានឲ្យដឹងថា បុរស​ដែលត្រូវបាន​ចាប់ខ្លួន​នៅ​កន្លែង​កើត​ហេតុ​មានឈ្មោះ ដេវីដ ដេផាភី (David Depape) អាយុ៤២ឆ្នាំ​ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យក្នុងទីក្រុងសាន់ហ្រ្វាន់ ស៉ីស្កូ (San Francisco)។ តាមកំណត់ត្រារបស់ប៉ូលិស, ពេលនេះជនសង្ស័យត្រូវបានឃុំខ្លួននៅមន្ទីរឃុំឃាំង ក្រោមការសង្ស័យពីបទប៉ុនប៉ងមនុស្សឃាត ការវាយដំដោយប្រើអាវុធមុតស្រួច ការរំលោភបំពានលើមនុស្សចាស់ ការប្ធ្វើសកម្មភាពដូចចោរលួច និងបទឧក្រិដ្ឋជាច្រើនទៀត។

មេបញ្ជាការប៉ូលិសប្រចាំទីក្រុង San Francisco លោក វីលៀម ស្កុត (William Scott) បានប្រាប់សន្និសីទសារព័ត៌មានកាលពីយប់ថ្ងៃសុក្រសប្តាហ៍នេះថា ក្រុមស៊ើបអង្កេតរបស់ប៉ូលិសសហការដោយភ្នាក់ងារ FBI មិនទាន់អាចកំណត់បានថា តើការលុកលុយចូលផ្ទះរបស់ លោកស្រី ផេឡូស៉ី គឺដោយសារអ្វីនោះទេ ប៉ុន្តែបាននិយាយថា វាមិនមែនជាទង្វើចៃដន្យឡើយ។

គួរបញ្ជាក់ថា ជនមិនស្គាល់មុខម្នាក់ បានវាយប្រហារលើលោក ប៉ូល ផេឡូស៊ី (Paul Pelosi) ដោយប្រើញញួរ និងធ្វើឱ្យរូបលោកប្រេះលលាដ៍ក្បាល កាលពីថ្ងៃសុក្រសប្ដាហ៍នេះ បន្ទាប់ពីជននេះសម្រុកចូលផ្ទះរបស់អ្នកទាំង២ ដើម្បីស្វែងរកលោកស្រី ផេឡូស៊ី។ ក្រោយហេុការណ៍នេះ
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្កោលទោសការវាយប្រហារនេះ ថាគឺជាទង្វើគួរឱ្យស្អប់៕