(ប៉េកាំង)៖ «ពេលភ្ងាក់ពីគេងរៀងរាល់ថ្ងៃ ពួកឳពុកម្តាយសុទ្ធតែបួងសួងថា កូនរបស់ពួកគេមិនជួបប្រទះរឿងបាញ់ប្រហារទេ ហើយសាលារៀនរបស់កូនក៏មិនមាន ករណីបាញ់ប្រហារនោះដែរ»។ សមាជិករដ្ឋសភារបស់អាមេរិកមួយរូប បានពិពណ៌នាយ៉ាងដូច្នោះអំពីស្រមោលខ្មៅខាងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងររបស់ជនជាតិអាមេរិក ដែលបណ្តាលមកពីអំពើហិង្សា។

យោងតាមទិន្នន័យថ្មីបំផុតនៃ «ឃ្លាំងទិន្នន័យអំពីការបាញ់ប្រហារនៅសាលារៀន K-១២» ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញរបស់អាមេរិក បានបង្ហាញឱ្យឃើញថា បច្ចុប្បន្ននេះនៅសល់រយៈពេលជាងពីរខែទៀតក៏បានដល់ចុងឆ្នាំ២០២២ហើយ ប៉ុន្តែគិតរហូតដល់ពេលនេះ ក្នុងឆ្នាំនេះអាមេរិកបានកើត មានករណីបាញ់ប្រហារនៅសាលារៀនចំនួន២៦០លើកហើយ ដោយបានបំបែកកំណត់ត្រាថ្មី ពោលគឺកើតមានករណីបាញ់ប្រហារនៅសាលារៀន ច្រើនបំផុតក្នុងមួយឆ្នាំ។ ត្រឹមតែក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ក៏កើតមានករណីបាញ់ប្រហារជាច្រើនលើកដែរ ជាពិសេសគឺករណីបាញ់ប្រហារដែលកើតឡើងនៅ វិទ្យាល័យមួយនៃទីក្រុង Saint Louis រដ្ឋ Missouri កាលពីថ្ងៃទី២៤ខែតុលា ក៏បានបណ្តាលឱ្យមនុស្ស៣នាក់ស្លាប់ និង៧នាក់ទៀតរងរបួស ក្នុងនោះបូករួមទាំងជនជាប់សង្ស័យផងដែរ។

តាមស្ថិតិនៃគេហទំព័រ «បណ្ណសារអំពើហិង្សាដោយកាំភ្លើង» របស់អាមេរិកបង្ហាញឱ្យឃើញថា គិតរហូតដល់ថ្ងៃទី២៧ ខែតុលា តាមម៉ោងក្នុងតំបន់ ក្នុងឆ្នាំ២០២២ នៅទូទាំងអាមេរិកមានកុមារ និងក្មេងជំទង់ចំនួន១ពាន់៣រយ៧៩នាក់ត្រូវបានបាញ់សម្លាប់ដោយកាំភ្លើង និង៣ពាន់៦រយ៨៧នាក់ទៀតបានរងរបួស។ នៅប្រទេសអាមេរិក ផលប៉ះពាល់បណ្តាលមកពីអំពើហិង្សាដោយកាំភ្លើងចំពោះសុខាភាពផ្លូវចិត្តរបស់យុវជន មានភាពធ្ងន់ធ្ងរហួសពីការប៉ាន់ស្មានដែរ។ បច្ចុប្បន្ននេះ សមាមាត្ររងជំងឺថប់បារម្ភ និងជំងឺធ្លាក់ទឹកចិត្តរបស់ក្មេងជំទង់អាមេរិក បាននិងកំពុងកើនឡើងឥតឈប់ឈរ ហើយសិស្សមួយចំនួនផ្តោតសំខាន់ និង ព្រួយបារម្ភចំពោះអំពើហិង្សាដោយកាំភ្លើង ហួសពីការសិក្សារបស់ពួកគេយ៉ាងខ្លាំង។

ប្រឈបមុខនឹងករណីបាញ់ប្រហារដែលកើតឡើងឥតឈប់ឈរនៅអាមេរិក មនុស្សជាច្រើនសុទ្ធតែឆ្ងល់ថា រដ្ឋាភិបាលអាមេរិកតែងតែសងសឹកយ៉ាងខ្លាំងក្លា ដោយសារការស្លាប់របស់ទាហានម្នាក់នៅសមរភូមិ ហើយបានឃោសនាបំប៉ោងអ្វីដែលហៅថា «ជីវិតមនុស្សមានតម្លៃថ្លៃ» ប៉ុន្តែហេតុអ្វីបានជាវាព្រងើយកណ្តើយ ចំពោះកុមារ និងក្មេងជំទង់អាមេរិកម្នាក់ហើយម្នាក់ទៀតដែលត្រូវបាញ់សម្លាប់ដោយកាំភ្លើង ហេតុអ្វីបានជា «ជីវិតរបស់កុមារនិងក្មេងជំទង់មានតម្លៃថោក»? តាមពិត មូលហេតុនេះត្រូវនិយាយពីកង្វះខាតនៃរបបនយោបាយរបស់អាមេរិក។ បច្ចុប្បន្ននេះ មូលហេតុដែលអាមេរិកពិបាកដោះស្រាយបញ្ហា មិនអាចគ្រប់គ្រង អំពើហឹង្សាដោយកាំភ្លើង មិនត្រឹមតែដោយមកពីការកំណត់នៃវិសោធនកម្មទីពីររបស់រដ្ឋធម្មនុញ្ញអាមេរិកស្តីពីសិទ្ធិកាន់កាំភ្លើង ពិបាកនឹងរង្គោះរង្គើប៉ុណ្ណោះទេ ថែមទាំងក៏ដោយសារ «នយោបាយវេតូ» របស់បក្សទាំងពីរអាមេរិកផងដែរ។

ទន្ទឹមនឹងនេះ ការបញ្ចុះបញ្ចូលនៃក្រុមផលប្រយោជន៍ ដូចជាសមាគមកាំភ្លើងជាតិអាមេរិកក៏បានដើរតួនាទីដ៏សំខាន់ផងដែរ។ និយាយចំពោះអ្នកនយោបាយ អាមេរិក ការដោះស្រាយបញ្ហាអំពើហិង្សាដោយកាំភ្លើងចាំបាច់ត្រូវតែមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបម្រើប្រជាជន និងត្រឡប់ទៅរកគោលបំណងដើមនៃ ការបំពេញតាមតម្រូវការរបស់ប្រជាជន និងកំណត់គោលនយោបាយសមហេតុផល។ ប៉ុន្តែ ពួកគេគិតតែផលប្រយោជន៍នយោបាយរបស់ខ្លួនពេញមួយថ្ងៃ មានតែនិយាយតាមតែមាត់ តែគ្មានការអនុវត្តជាក់ស្តែងនោះទេ។

ប្រសិនបើកង្វះខាតនៃរបបនយោបាយរបស់អាមេរិកមិនអាចត្រូវបានបំពេញបន្ថែម ប្រសិនបើអំណាចនយោបាយអាមេរិកត្រូវកាន់កាប់ដោយពួកអាត្មានិយម ជាប់រហូត ហើយប្រសិនបើក្រុមផលប្រយោជន៍ដែលលក់កាំភ្លើងផងនិងលក់អាវក្រោះផង តែងតែប្រព្រឹតិ្តទៅដោយរលូន នោះប្រជាជនអាមេរិកនឹងមិនអាចគេចផុត ពីស្រមោលខ្មៅនៃអំពើហិង្សាដោយកាំភ្លើងបានទេ ហើយត្រូវបង់ថ្លៃដោយជីវិតរបស់ពួកគេ៕

វិទ្យុមិត្តភាពកម្ពុជាចិន