(ប្រាក)៖ បាតុកររាប់ពាន់នាក់ ​នៅក្នុងសាធារណរដ្ឋឆែក នៅថ្ងៃសុក្រសប្ដាហ៍នេះបានប្រមូលផ្ដុំគ្នាធ្វើបាតុកម្មតវ៉ាសាជាថ្មី នៅក្នុងរដ្ឋធានី បា្រក (Prague) ដើម្បី ទាមទារឱ្យមានរដ្ឋាភិបាលថ្មីមួយ និងការរៀបចំការបោះឆ្នោតមុនអាណត្តិ ព្រមទាំងអំពាវនាវផងដែរឱ្យមានកិច្ចចរចាដោយផ្ទាល់ជាមួយរុស្ស៉ីលើបញ្ហាឧស្ម័ន នៅមុន រដូវរងាចូលមកដល់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០២២។

បាតុកម្មតវ៉ាខាងលើត្រូវបានរៀបចំឡើងដោយក្រុមចលនាអ្នកស្ដាំនិយមជ្រុល ខណៈប៉ូលិសបានអះអាងថាបាតុកម្មតវ៉ានេះមានមនុស្សចូលរួមតិចជាងបាតុកម្ម ២លើក កន្លងមក។ នៅក្នុងបាតុកម្មតវ៉ានេះដែរ គេឃើញក្រុមបាតុករបាននាំគ្នាស្រែកពាក្យថា «តម្កល់ផលប្រយោជន៍ឆែកមុនគេ», ប្រឆាំងសហភាពអឺរ៉ុប និងបក្ស សម្ព័ន្ធយោធាណាតូ ហើយចង់ឱ្យប្រទេសរបស់ពួកគេមានអព្យាក្រឹតខាងយោធា។ មិនតែប៉ុណ្ណោះ ពួកគេថែមទាំងបានស្រែកទាមទារឱ្យរដ្ឋាភិបាលឆែកសព្វថ្ងៃ ចុះចេញពីតំណែង ក៏ដូចជាទាមទារឱ្យឆែកចាកចេញពីសហភាពអឺរ៉ុប និងណាតូផងដែរ។

គួរបញ្ជាក់ថា តម្លៃថាមពលឡើងថ្លៃ និងបញ្ហាអតិផរណា ដែលបង្កឡើងដោយសង្រ្គាមអ៊ុយក្រែន បាននិងកំពុងដាក់សម្ពាធកាន់តែខ្លាំងលើបណ្ដារដ្ឋាភិបាលនៅអឺរ៉ុប ដែលនេះបាន និងកំពុងបង្កការព្រួយបារម្ភថាអាចនឹងប៉ះពាល់ដល់ការប្ដេជ្ញាចិត្តរបស់អឺរ៉ុប ក្នុងការជួយអ៊ុយក្រែនប្រយុទ្ធប្រឆាំងនឹងការឈ្លានពានពីសំណាក់រុស្ស៉ី៕