(កៀវ)៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូលេបា (Dmytro Kuleba) បាននិយាយថាលោកផ្ទាល់បានស្នើឱ្យទីក្រុងតេហេរ៉ង់ បញ្ឈប់ការផ្គង់ផ្គង់ អាវុធឱ្យរុស្ស៉ី នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៉ីរ៉ង់របស់លោក គឺលោក ហូសេន អាមៀអាប់ឌុលឡាហៀន (Hossein Amirabdollahian)។ នេះ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០២២។

នៅក្នុងសារមួយបង្ហោះលើ Twitter នៅថ្ងៃសុក្រសប្ដាហ៍នេះ លោក គូលេបា បានគូសបញ្ជាក់ដូច្នេះថា «នៅថ្ងៃនេះ, ខ្ញុំបានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយ រដ្ឋមន្ត្រីការបរទេសអ៉ីរ៉ង់ លោក Hossein Amirabdollahian។ ខ្ញុំបានស្នើឱ្យអ៉ីរ៉ង់បញ្ឈប់ជាបន្ទាន់នូវការផ្គត់ផ្គង់អាវុធឱ្យរុស្ស៉ី ដែលត្រូវបានប្រើប្រាស់ដើម្បីសម្លាប់ ជនស៊ីវិល និងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសអ៊ុយក្រែន»

គួរបញ្ជាក់ថា អ៊ុយក្រែន និងសម្ព័ន្ធមិត្តលោកខាងលិច បានចោទប្រកាន់អ៉ីរ៉ង់ថាបានផ្ដល់យន្ដហោះដ្រូនអត្តឃាតឱ្យរុស្ស៉ីដែលបានយកទៅប្រើប្រាស់ក្នុងការបំផ្លាញ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ុយក្រែន។ ប៉ុន្តែ​ ទាំងអ៉ីរ៉ង់ និងរុស្ស៉ី បានច្រានចោលការចោទប្រកាន់បែបនេះ៕