(ម៉ានីល)៖ អាជ្ញាធរនៅក្នុងប្រទេសហ្វីលីពីន នៅថ្ងៃសៅរ៍នេះបានបន្ថយចំនួនអ្នកស្លាប់ដោយសារគ្រោះរអិលបាក់ដី និងទឹកជំនន់ ដែលបង្កឡើងពី​ព្យុះត្រូពិក ណាល់ហ្គែ (Nalgae)​ នៅឯភាគខាងត្បូងនៃប្រទេស មកនៅត្រឹម៤៥នាក់វិញ ខណៈទីក្រុងម៉ានីល និងតំបន់ក្បែរខាង កំពុងប្រឈមមុខនឹងព្យុះត្រូពិកមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០២២។

អាជ្ញាធរគ្រោះមហន្តរាយហ្វីលីពីន បានបន្ថយតួលេខអ្នកស្លាប់ពី ៧២នាក់ មកនៅត្រឹម ៤៥នាក់ នៅក្នុងការធ្វើបច្ចុប្បន្នភាពតួលេខអ្នកស្លាប់ ខណៈមនុស្ស ១៨នាក់ កំពុងបាត់ខ្លួននៅឡើយ និងមនុស្ស ៣៣នាក់បានរងរបួស។ អាជ្ញាធរហ្វីលីពីន កាលពីថ្ងៃសុក្រសប្ដាហ៍នេះបានឱ្យដឹងថា ឥទ្ធិពលនៃព្យុះត្រូពិកឈ្មោះ ណាល់ហ្គែ (Nalgae) បាននាំមកនូវភ្លៀងធ្លាក់យ៉ាងជោគជាំ កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយបង្កឱ្យមានគ្រោះរអិលបាក់ដី និងទឹកជំនន់ ហើយ ខេត្ត ម៉ាហ្គីនដាណាវ (Maguindanao​) រងគ្រោះធ្ងន់ធ្ងរជាងគេ ដោយមានមនុស្ស ៤០នាក់បានស្លាប់។

គួរបញ្ជាក់ថា ព្យុះត្រូពិក Nalgae មិនទាន់បោកបក់មកដល់ ប្រទេសហ្វីលពីនតែម្តងនៅឡើយទេ ដោយវាកំពុងបន្តដំណើរឆ្ពោះទៅ ភាគខាងជើងប្រទេសអាស៊ានមួយនេះ ខណៈអាជ្ញាធរការពារជនស៉ីវិលបានអះអាងថា មនុស្សជិត៥,០០០នាក់ ត្រូវបានជម្លៀសពី តំបន់ងាយរងគ្រោះបំណាក់ដី និងទឹកជំនន់នៅទីនោះ មុនពេលព្យុះ Nalgae ត្រូវគេរំពឹងថានឹងធ្វើដំណើរទៅដល់នៅខ្ទង់ថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យចុងសប្តាហ៍នេះ។ ព្យុះត្រូពិកមួយនេះអាចនឹងបក បក់បោកក្នុងល្បឿនខ្យល់ ១៣០គីឡូម៉ែត្រក្នុងមួយម៉ោង៕