(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាប្រជាជនអ៊ុយក្រែនប្រមាណជា ៤លាននាក់នៅទូទាំងប្រទេស កំពុងគ្មានអគ្គិសនី ប្រើប្រាស់ ដោយសារតែយុទ្ធនាការទម្លាក់គ្រាប់បែករបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០២២។

នៅក្នុងសុន្ទរកថាជាវីដេអូមួយកាលពីថ្ងៃសុក្រសប្ដាហ៍នេះ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «ប្រជាជនអ៊ុយក្រែន ៤លាននាក់កំពុងប្រឈមមុខនឹង ការដាច់ចរន្តអគ្គិសនី...ហើយយើងកំពុងធ្វើ្វអ្វីៗគ្រប់យ៉ាង សំដៅកាត់បន្ថយការដាច់ចរន្តអគ្គិសនី»។ លោក បន្ថែមថារហូតមកដល់ពេលនេះ រុស្ស៊ីបានធ្វើការវាយប្រហារតាមអាកាសជាង ៨,០០០លើក និងបាញ់មីស៊ីលចំនួន ៤,៥០០គ្រាប់។

គួរបញ្ជាក់ថា ក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ រុស្ស៊ីបានបាញ់ស្រោចដោយមីស៉ីល និងយន្តហោះដ្រូន មកលើខ្សែបណ្តាញផលិតអគ្គិសនីរបស់អ៊ុយក្រែន ដែលបង្កការខូចខាតយ៉ាងធំ និងធ្វើឲ្យដាច់ភ្លើង។ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ទីក្រុងកៀវ និងតំបន់ចំនួន៤ ប្រហែលជាត្រូវកាត់បន្ថយការផ្គត់ផ្គង់ អគ្គិសនីយូរជាងការគ្រោងទុក ខណៈរដូវរងាកាន់តែខិតជិតចូលមកដល់៕