(វ៉ាស៊ីនតោន)៖ សេតវិមាន នៅថ្ងៃសុក្រនេះបានប្រកាសឱ្យដឹងថាប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសអេហ្ស៊ីប ដើម្បី ចូលរួមក្នុងកិច្ចប្រជុំកំពូល UN ស្ដីពីការប្រែប្រួលអាកាសធាតុ COP27 នៅថ្ងៃទី១១ ខែវិច្ឆិកាខាងមុខនេះ មុននឹងបន្តបំពេញទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា និងឥណ្ឌូណេស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០២២។

លោក បៃដិន នឹងបំពេញទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាមេរិក-អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។ ក្រោយមកទៀត ទើបលោកប្រធានាធិបតីអាមេរិករូបនេះ នឹងបន្តដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា។

គួរបញ្ជាក់ថា បើតាមសេតវិមាន នៅក្នុងប្រទេសកម្ពុជា លោក ចូ បៃដិន នឹងធ្វើការអះអាងឡើងវិញពីការប្ដេជ្ញាចិត្តជាអចិន្ត្រៃយ៍របស់សហរដ្ឋអាមេរិក ចំពោះតំបន់ អាស៊ីអាគ្នេយ៍ ព្រមទាំងគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងអាស៊ានផងដែរ សំដៅធានារក្សាសន្តិសុខ ក៏ដូចជាវិបុលភាព នៅក្នុងតំបន់៕