(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃសុក្រសប្ដាហ៍នេះបាននិយាយថាគោលនយោបាយរបស់ខ្លួនចំពោះកូរ៉េខាងជើង​ មិនមានការផ្លាស់ប្ដូរឡើយ បន្ទាប់ពីមន្ត្រី ជាន់ខ្ពស់អាមេរិកម្នាក់ទទួលបន្ទុកគោលនយោបាយនុយក្លេអ៊ែរ លើកឡើងថាទីក្រុងវ៉ាស៊ីនតោន មានបំណងចង់ចរចាជាមួយទីក្រុងព្យុងយ៉ាង ជុំវិញការគ្រប់គ្រង អាវុធ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០២២។

លោកស្រី បូននី ជែនគីន (Bonnie Jenkins) អនុរដ្ឋលេខាធិការនៃក្រសួងការបរទេសអាមេរិកទទួលបន្ទុកការគ្រប់គ្រងអាវុធ ធ្វើការកត់សម្គាល់ខាងលើនៅឯ សន្និសីទស្ដីពីនុយក្លេអ៊ែរ ក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ និងជាការឆ្លើយតបទៅនឹងសំណួរដែលសួរថាតើមានចំណុចណាដែលកូរ៉េខាងជើង គួរតែត្រូវបានចាត់ទុកថាជាបញ្ហានៃការគ្រប់គ្រងអាវុធ។ ឆ្លើយតបនឹងសំណួរនេះ លោកស្រី Jenkins បានបញ្ជាក់ដូច្នេះថា «ប្រសិនបើពួកគេចង់សន្ទនាជាមួយ ពួកយើង...នោះការគ្រប់គ្រងអាវុធនឹងក្លាយជាជម្រើសមួយ ប្រសិនបើប្រទេសទាំង២ មានចេតនាចង់អង្គុយចរចា និងជជែកគ្នា»

តែយ៉ាងណាក៏ដោយ នៅពេលត្រូវបានសាកសួរពាក់ព័ន្ធនឹងការអធិប្បាយរបស់លោកស្រី Jenkins អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក នេត ប្រាយស៍ (Ned Price) បានសង្កត់ធ្ងន់ដូច្នេះថា «ខ្ញុំចង់បញ្ជាក់ឱ្យច្បាស់អំពីបញ្ហានេះ។ វាគ្មានឡើយការផ្លាស់ប្ដូរចំពោះគោលនយោបាយអាមេរិក»

គួរបញ្ជាក់ថា​ ក្រុមអ្នកជំនាញមួយចំនួន បានអះអាងថាការទទួលស្គាល់កូរ៉េខាងជើង ជា «រដ្ឋអាវុធនុយក្លេអ៊ែរ» ដែលលោក គីម ជុងអ៊ុន ចង់បាន គឺជាមធ្យោបាយ មួយអាចនឹងនាំទីក្រុងព្យុងយ៉ាង ត្រឡប់មករកតុចរចា។ ប៉ុន្តែ​ សហរដ្ឋអាមេរិកបានអះអាងជាយូរណាស់មកហើយថាកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺខុសច្បាប់ និងជាកម្មវត្ថុនៃទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ៕