(ម៉ានីល)៖ អាជ្ញាធរនៅក្នុងប្រទេសហ្វីលីពីន បានឱ្យដឹងនៅថ្ងៃសៅរ៍នេះថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរអិលបាក់ដី និងទឹកជំនន់ ដែលបង្កឡើងពី​ព្យុះត្រូពិក ណាល់ហ្គែ (Nalgae)​ នៅឯភាគខាងត្បូងនៃប្រទេស បានកើនដល់ ៧២នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០២២។

អាជ្ញាធរគ្រោះមហន្តរាយហ្វីលីពីន កាលពីថ្ងៃសុក្រសប្ដាហ៍នេះបានឱ្យដឹងថា ឥទ្ធិពលនៃព្យុះត្រូពិកឈ្មោះ ណាល់ហ្គែ (Nalgae) បាននាំមកនូវភ្លៀងធ្លាក់យ៉ាង ជោគជាំ កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយបង្កឱ្យមានគ្រោះរអិលបាក់ដី និងទឹកជំនន់។ ខេត្ត ម៉ាហ្គីនដាណាវ (Maguindanao​) រងគ្រោះធ្ងន់ធ្ងរជាងគេ ដោយមានមនុស្ស ៦៧នាក់បានស្លាប់។ ចំណែកឯ មនុស្ស៣៣នាក់បានរងរបួស និង១៤នាក់បាត់ខ្លួនផងដែរ។

គួរបញ្ជាក់ថា ព្យុះត្រូពិក Nalgae មិនទាន់បោកបក់មកដល់ ប្រទេសហ្វីលពីនតែម្តងនៅឡើយទេ ដោយវាកំពុងបន្តដំណើរឆ្ពោះទៅ ភាគខាងជើងប្រទេសអាស៊ានមួយនេះ ខណៈអាជ្ញាធរការពារជនស៉ីវិលបានអះអាងថា មនុស្សជិត៥,០០០នាក់ ត្រូវបានជម្លៀសពី តំបន់ងាយរងគ្រោះបំណាក់ដី និងទឹកជំនន់នៅទីនោះ មុនពេលព្យុះ Nalgae ត្រូវគេរំពឹងថានឹងធ្វើដំណើរទៅដល់នៅខ្ទង់ថ្ងៃសៅរ៍ ឬថ្ងៃអាទិត្យចុងសប្តាហ៍នេះ៕