(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសជាច្រើនជុំវិញពិភពលោកកំពុងជ្រើសរើស មិនចុះចាញ់នឹងការទាមទាររបស់ទីក្រុងវ៉ាស៊ីនតោន បើទោះបីជាមានសម្ពាធក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃសុក្រ ទី២៨​ ខែតុលា ឆ្នាំ២០២២។

លោក ពូទីន បាននិយាយបែបនេះនៅក្នុងសម័យប្រជុំពេញអង្គ នៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី១៩ នៃក្លឹបពិភាក្សា Valdai នៅទីក្រុងមូស្គូ ដោយលោកលើកឡើងយ៉ាងដូច្នេះថា «កាលពីមុនមានតែប្រទេសមួយចំនួនប៉ុណ្ណោះ ដែលហ៊ានតវ៉ានឹងសហរដ្ឋអាមេរិក។ ប៉ុន្តែឥឡូវនេះវាបានក្លាយជារឿងធម្មតាទៅហើយ នៅពេលដែលរដ្ឋផ្សេងៗបដិសេធ មិនធ្វើតាមការទាមទារដែលគ្មានមូលដ្ឋាន របស់ទីក្រុងវ៉ាស៊ីនតោន ទោះបីជាការពិតវានៅតែព្យាយាម ដាក់សម្ពាធលើមនុស្សគ្រប់គ្នាក៏ដោយ»

គួរបញ្ជាក់ថា បើតាមវិមានក្រឹមឡាំងបានឲ្យដឹងថា កិច្ចប្រជុំប្រចាំឆ្នាំរបស់ក្លឹបពិភាក្សា Valdai ដែលប្រព្រឹត្តទៅនៅទីក្រុងមូស្គូពីថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ក្រោមប្រធានបទ «ពិភពលោកក្រោយអនុត្តរភាព៖ យុត្តិធម៌ និងសន្តិសុខសម្រាប់អ្នករាល់គ្នា» ត្រូវបានចូលរួមដោយអ្នកជំនាញ អ្នកនយោបាយ អ្នកការទូត និងសេដ្ឋវិទូជាង ១០០នាក់ មកពី៤១ប្រទេស៕