(ហាណូយ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម បាននិយាយថា ប្រទេសវៀតណាមមិនប្រឈមនឹងការខ្វះខាតប្រេងឥន្ធនៈនោះទេ។ ការលើកឡើងបែបនេះ គឺដើម្បីស្វែងរកការបន្ធូរបន្ថយការព្រួយបារម្ភរបស់ប្រជាជន បន្ទាប់ពីស្ថានីយ៍ប្រេងឥន្ធនៈមួយចំនួននៅក្នុងទីក្រុងភាគខាងត្បូង បានកាត់បន្ថយ ឬលក់មានកំណត់ដោយលើកឡើងពីបញ្ហាហិរញ្ញវត្ថុ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០២២។

រដ្ឋមន្ត្រីពាណិជ្ជកម្ម លោក Nguyen Hong Dien បានប្រាប់សភាថា វិធានការនេះគឺដោយសារតែការប្រែប្រួល នៃអត្រាប្តូរប្រាក់បរទេស ហើយដោយសារតែអ្នកនាំចូលឥន្ធនៈមួយចំនួនពិបាកទទួលបានឥណទានពីធនាគារ។

លោកបន្តថា៖ «ទីផ្សារឥន្ធនៈក្នុងស្រុកមានស្ថិរភាព ដោយមិនមានការខ្វះខាតអ្វីឡើយ ខណៈតម្លៃគឺទាបជាងកន្លែងផ្សេងទៀតក្នុងតំបន់»។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ក្រសួងបាននិយាយថា ខ្លួនបានស្នើសុំធនាគារកណ្តាល ដើម្បីជួយពាណិជ្ជករឥន្ធនៈក្នុងស្រុក ទទួលបានរូបិយប័ណ្ណបរទេស ដើម្បីទូទាត់ថ្លៃនាំចូលប្រេងឥន្ធនៈ៕