(ប៉ារីស)៖ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ប្រជាជនប្រមាណ ៧.៦ពាន់លាននាក់ ឬស្មើនឹង ៩៦ភាគរយនៃប្រជាជនសកលលោក បានទទួលអារម្មណ៍ពីឥទ្ធិពលនៃការឡើងកំដៅផែនដី ក្នុងរយៈពេល ១២ខែកន្លងមកនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០២២។

ប្រជាជននៅតំបន់ត្រូពិច និងនៅលើកោះតូចៗដែលហ៊ុំព័ទ្ធដោយមហាសមុទ្រ ត្រូវបានរងផលប៉ះពាល់មិនសមាមាត្រ៊ ដោយការកើនឡើងសីតុណ្ហភាព ដែលបង្កឡើងដោយមនុស្ស ដោយមានការរួមចំណែកតិចតួច ឬគ្មានទាល់តែសោះពីពួកគេ។

ក្នុងចំណោមទីក្រុងចំនួន ១,០២១ទីក្រុង ដែលត្រូវបានវិភាគនៅចន្លោះខែកញ្ញា ឆ្នាំ២០២១ ដល់ខែតុលា ឆ្នាំ២០២២ រដ្ឋធានីនៃប្រទេស Samoa និង Palau ក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូង បាននិងកំពុងជួបប្រទះការប្រែប្រួលអាកាសធាតុយ៉ាងច្បាស់បំផុត។

ទីក្រុង Lagos ទីក្រុងម៉ិកស៊ិក និងសិង្ហបុរីគឺជាទីក្រុងធំៗ ដែលត្រូវបានប៉ះពាល់ខ្លាំងបំផុត ជាមួយនឹងកំដៅដែលបង្កឡើងដោយមនុស្ស ដោយបានបង្កើនហានិភ័យសុខភាពដល់មនុស្សរាប់លាននាក់៕