(វ៉ាស៉ីនតោន)៖ ឯកសារដែលទើបបញ្ចេញដោយ ក្រសួងការពារជាតិអាមេរិក កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានឱ្យបង្ហាញថា សហរដ្ឋអាមេរិកនឹងបញ្ឈប់ការអភិវឌ្ឍ ប្រភេទមីស៉ីលគ្រូសបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលបាញ់ចេញពីនាវាចម្បាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០២២។

កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានបញ្ចេញឯកសារសរុបចំនួន៣ របស់ក្រសួងការពារជាតិ ក្នុងនោះរួមមានយុទ្ធសាស្រ្តការពារជាតិ, ការវាយតម្លៃលើជំហរអាវុធនុយក្លេអ៊ែរ និងការវាយតម្លៃលើសមត្ថភាពការពារមីស៉ីល។ រួមគ្នាឯកសារទាំង៣ ដាក់ចេញនូវអាទិភាពផ្សេងៗ របស់យោធាអាមេរិក សម្រាប់រយៈពេលប៉ុន្មានឆ្នាំខាងមុខ។

អំលុងជំនាន់រដ្ឋបាលរបស់អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ យោធាអាមេរិកបានសម្រេចចិត្ត កាលពីឆ្នាំ២០១៨ ដើម្បីអភិវឌ្ឍមីស៉ីលគ្រូសថ្មីមួយ សម្រាប់បាញ់ចេញពីផ្ទៃសមុទ្រ គឺចេញពីនាវាចម្បាំង ហើយអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាន ខណៈការសម្រេចចិត្តនាពេលនោះ បានផ្តោតសំខាន់លើការគំរាមកំហែងពីរុស្ស៉ី។

ដោយឡែក រដ្ឋបាលលោក បៃដិន បានលើកឡើងក្នុងការវាយតម្លៃរបស់ខ្លួនថា កម្មវិធីអភិវឌ្ឍប្រភេទគ្រូសមីស៉ីលខាងលើ ដែលហៅកាត់ SLCM-N គឺមិនចាំបាច់ទៀតនោះទេ ហើយនឹងត្រូវលុបចោលវិញ ដោយសារសហរដ្ឋអាមេរិក មានមធ្យោបាយគ្រប់គ្រាន់ហើយ ដើម្បីកំញើញសត្រូវ មិនឱ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ សព្វថ្ងៃមធ្យោបាយស្នូលទាំង៣ សម្រាប់ការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់អាមេរិក គឺតាមរយៈការបាញ់ចេញពីដីគោក តាមរយៈការទម្លាក់ពីយន្តហោះ និងតាមរយៈការបាញ់ចេញពីក្រោមផ្ទៃសមុទ្រ ដោយនាវាមុជទឹក។

គួរបញ្ជាក់ថា យ៉ាងណាក្តី រដ្ឋបាលលោក បៃដិន នៅរក្សាទុកកម្មវិធីអភិវឌ្ឍអាវុធមួយទៀតរបស់ អតីតរដ្ឋបាលលោក ត្រាំ គឺការអភិវឌ្ឍមីស៉ីលផ្លោងបាលីស្ទីគ ដែលបាញ់ចេញពីនាវាមុជទឹក និងបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរហៅថា W76-2 ជាប្រភេទផ្ទុក​កម្លាំងផ្ទុះកម្រិតទាប ដែលក្រសួងការពារជាតិអាមេរិក បានចាប់ផ្តើមដាក់ពង្រាយ កាលពីឆ្នាំ២០២០ ដើម្បីត្រៀមសម្រាប់ការដាក់ពង្រាយ អាវុធនុយក្លេអ៊ែរតាក់ទិច ដែលមានកម្លាំងប្រហាក់ប្រហែលគ្នារបស់រុស្ស៉ី។

ចំពោះមុខស្ថានការណ៍មិនអំណោយផល ក្នុងសង្រ្គាមអ៊ុយក្រែន ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ក៏ធ្លាប់បានលើកឡើងជាច្រើនសាផងដែរ អំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីការពារទឹកដីទាំងឡាយរបស់ប្រទេសរុស្ស៉ី ប៉ុន្តែក្រុមមន្រ្តីអាមេរិកបានអះអាងថា មកទល់ពេលនេះ ពួកគេមិនសង្កេតឃើញតំរុយណាមួយ ដែលបង្ហាញថាទីក្រុងមូស្គូ កំពុងត្រៀមប្រើប្រាស់​អាវុធនុយក្លេអ៊ែរឡើយទេ៕