(ប៉េកាំង)៖ សមាជបក្សកុម្មុយនីស្តចិនលើកទី ២០ បានបិទបញ្ចប់មិនទាន់ដល់មួយសប្តាហ៍ផង លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានដឹកនាំសមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិន រួមមានលោក Li Qiang លោក Zhao Leji លោក Wang Huning លោក Cai Qi លោក Ding Xuexiang លោក Li Xi ធ្វើដំណើរចាកចេញពីក្រុងប៉េកាំង ទៅកាន់ក្រុង Yan'an ខេត្ត Shaanxi ដើម្បីធ្វើទស្សនកិច្ចនៅទីកន្លែងរំលឹកបដិវត្តន៍ Yan'an ហើយរំលឹកឡើងវិញនូវពេលវេលាដ៏រុងរឿង របស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន នៅក្រុង Yan'an ក្នុងសម័យសង្គ្រាមបដិវត្តន៍ ចងចាំនូវស្នាដៃនិងសមិទ្ធផលដ៏អស្ចារ្យ របស់អ្នកបដិវត្តន៍ជំនាន់ចាស់ បង្ហាញពីឆន្ទៈដ៏មោះមុតរបស់ក្រុមថ្នាក់ដឹកនាំមជ្ឈិមបក្សអាណត្តិថ្មី ក្នុងការបន្តវេនស្មារតីតស៊ូរបស់អ្នកជំនាន់ចាស់ ដើម្បីបង្កើតសមិទ្ធផលល្អប្រសើរ សម្រាប់ប្រវត្តិសាស្ត្រនិងប្រជាជននៅលើផ្លូវអភិវឌ្ឍន៍ថ្មី។

លោក Xi Jinping បានលើកឡើងថា ក្នុងសម័យ Yan'an បក្សកុម្មុយនីស្តចិនបានធ្វើការតស៊ូប្រឆាំងនឹងការឈ្លានពាន ពីយោធានិយមជប៉ុនដោយស្មារតីតស៊ូតដ៏មោះមុត និងសមត្ថភាពដ៏ជំនាញនិងដឹកនាំបដិវត្តន៍ទូទាំងប្រទេស ប្រកបដោយភាពខ្លាំងក្លាដែលបានត្រួសត្រាយស្ថានការណ៍ថ្មីមួយនៃបដិវត្តន៍ចិន។ លោក Xi Jinping បានគូសបញ្ជាក់ទៀតថា ត្រូវបន្តពង្រីកស្មារតីនៃការបង្កើតបក្សកុម្មុយនីស្តចិន ស្មារតី Yan'an និងស្មារតីតស៊ូ រួមសាមគ្គីគ្នា ដើម្បីសម្រេចបាននូវភារកិច្ចជាគោលដៅ ដែលបានលើកឡើងក្នុងសមាជបក្សកុម្មុយនីស្តចិនលើកទី ២០៕

វិទ្យុមិត្តភាពកម្ពុជាចិន