(ប៉េកាំង)៖ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២ ដែលជាថ្ងៃបិទសមាជលើកទី២០ របស់បក្សកុម្មុយនិស្តចិន ជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតមួយ នៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិដែលបានឆ្លងកាត់ រយៈពេល១សតវត្សរ៍មកនេះ។ សមាជដែលតែងបានប្រារព្ធជាទៀងទាត់ ក្នុងរយៈពេល៥ឆ្នាំមកបានក្លាយជាប្រធានបទ និងជាក្តីសង្ឃឹមដែលមិនត្រឹមតែ សម្រាប់ប្រជាជនចិនប៉ុណ្ណោះទេ ដែលថែមទាំងបានពន្លាតដល់ ពិភពលោកទាំងមូលថែមទៀតផង។ ក្នុងជំនឿជាក់លើវិថី នៃការអភិវឌ្ឍ សមាជលើកទី២០របស់បក្សកុម្មុយនិស្តចិន បានបោះឆ្នោតជាឯកច្ឆន្ទបន្តផ្តល់តួនាទីជូនលោក ស៊ី ជីនភីង ជាអគ្គលេខាធិការបក្ស ក្រោមសម្លេងស្នូរទះដៃអបអរសាទរ និងសារលិខិតជូនពររបស់ ប្រមុខរដ្ឋប្រមុខរដ្ឋាភិបាល នៅទូទាំងពិភពលោក។

ក្នុងខ្លឹមសារមួយក្នុងចំណោមខ្លឹមសារជាច្រើនដែលប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសនានា បានផ្ញើជូនលោក ស៊ី ជីនភីង សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយសមត្ថភាព និងឈ្លាសវៃរបស់លោក ស៊ី ជីនភីង ពិភពលោកបានសាទរចំពោះជោគជ័យដ៏ធំធេង របស់ចិន លើការកាត់បន្ថយភាពក្រីក្រ នវានុវត្តន៍បច្ចេកវិទ្យា វឌ្ឍនភាពផ្នែកវិទ្យាសាស្ត្រ និងការកសាងសង្គមនិយម តាមលក្ខណពិសេសរបស់ចិន ហើយជាមួយនឹងចក្ខុវិស័យវែងឆ្ងាយ និងកិច្ចខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់ របស់បក្សកុម្មុយនិស្តចិន ប្រទេសចិននឹងទទួលបានជោគជ័យធំធេងបន្ថែមទៀត ព្រមទាំងសម្រេចបាននូវគោលដៅ១០០ឆ្នាំទី២។

នេះជាការរំលេចនិងទទួលស្គាល់ពីសមិទ្ធផល នៃការអភិវឌ្ឍសកលដែលផ្តួចផ្តើមដោយ ប្រទេសចិនដែលមានលោក ស៊ី ជីនភីង ជាស្នូល។ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ បើតាមការចេញផ្សាយដោយការិយាល័យស្ថិតិជាតិ របស់ប្រទេសចិនបានបង្ហាញថា ផលិត ផលក្នុងស្រុកសរុបរបស់ប្រទេសចិនបានកើនឡើង ៣,៩%ពីមួយឆ្នាំទៅមួយឆ្នាំ ដោយបានកើនដល់៨៧ពាន់ពាន់លានយាន់ នៅក្នុងត្រីមាសទី៣នៃឆ្នាំ២០២២។ ក្នុងការពង្រឹងកំណែទម្រង់ ដោយបន្តបើកលំហសេរីភាពទីផ្សារកាន់តែទូលាយ ការអភិវឌ្ឍផលិតភាពសង្គមរបស់ប្រទេសចិន កាន់តែមានភាពរឹងមាំ ហើយការអភិវឌ្ឍរបបសង្គមនិយមតាមបែបផែនចិន និងធ្វើទំនើបកម្មតាមបែបផែនចិន កាន់តែមានភាពចាស់ទុំ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយគុណភាពកាន់តែប្រសើរ។

ក្នុងជំនឿជាក់លើការផ្តល់ភាពរុងរឿង សម្រាប់ប្រជាជននិងមនុស្សជាតិទូទៅ សមាជលើកទី២០របស់បក្សកុម្មុយនិស្តចិន បានបញ្ជាក់នូវជំហរនយោបាយមូលដ្ឋានដ៏ម៉ឺងម៉ាត់របស់ខ្លួន ក្នុងការឈរនៅជាប់ជានិច្ចជាមួយប្រជាជាតិចិន និងមនុស្សជាតិលើពិភពលោករក្សាបាន នូវចំណងមិត្តភាពជាប្រពៃណីរវាងគ្នានិងគ្នា ដោយបន្តរួមកម្លាំងសាមគ្គីគ្នា ដើម្បីបង្កើតសុភមង្គលក្នុងជីវិត និងបំពេញបំណងប្រាថ្នារបស់ប្រជាជនទូទៅឱ្យប្រសើរជាងមុន ដោយផ្តោតលើការអភិវឌ្ឍ សម្រាប់មនុស្សជាតិទាំងមូលឈានទៅរកការសម្រេចបាននូវគោលដៅនៃវិបុលភាពរួម។

កិច្ចជំរុញការកសាងសហគមន៍រួមជីវិត រវាងមនុស្សនិងធម្មជាតិ សហគមន៍រួមវាសនានៃមនុស្សជាតិ សុទ្ធសឹងជាទឡ្ហីករណ៍ ដែលបានគូសបញ្ជាក់នៅក្នុងលទ្ធផល នៃអង្គសមាជលើកទី២០របស់បក្សកុម្មុយនិស្តចិន ដើម្បីបន្តផ្តល់កាលានុវត្តភាពថ្មីជូន ដល់សកលលោកក្នុងដំណើរឆ្ពោះទៅកាន់សុភមង្គល បើទោះបីជាផ្លូវឆ្ពោះសុភមង្គលរបស់បណ្តាប្រទេសនីមួយៗ មិនដូចគ្នាក៏ដោយ ប្រជាជនមកពីបណ្តាប្រទេសនានា មានសិទ្ធិជ្រើសរើសផ្លូវអភិវឌ្ឍន៍និងប្រព័ន្ធអភិបាលកិច្ចរៀងៗខ្លួន នៅក្នុងការធ្វើទំនើបកម្មដោយខ្លួនឯងដែលនេះ ជាអត្ថន័យនៃសុភមង្គលល្អរបស់មនុស្សជាតិ។

ក្នុងជំនឿជាក់បំពេញការងារដោយផ្តល់ផលប្រយោជន៍ ជាមួយប្រទេសទាំងអស់ក្នុងគោលការណ៍ឈ្នះ-ឈ្នះ និងគោរពយ៉ាងពេញលេញនូវយន្តការពហុភាគីនិយម ក្នុងកសាងសេដ្ឋកិច្ចពិភពលោក ប្រកបដោយភាពបើកចំហកាន់តែទូលាយ។ ដូចដែលយើងបានដឹងរួចមកហើយថា គំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» គំនិតផ្តួចផ្តើម «អភិវឌ្ឍន៍សកល» សុទ្ធសឹងជាទឡ្ហីករណ៍ យកមកបញ្ជាក់ នេះដោយមិនរាប់នូវបណ្តាកិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគីនានាដូចជា RCEP ជាឧទាហរណ៍ស្រាប់ បានរំលេចពីកិច្ចបើកទូលាយ ការអភិវឌ្ឍរបស់ប្រទេសចិន។

កំណើនសេដ្ឋកិច្ចរបស់ចិន ដូចទៅនឹងទិន្នន័យរបស់រដ្ឋបាលជាតិស្ថិតិចិន ប្រកាសនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានឲ្យដឹងថា សេដ្ឋកិច្ចជាតិចិនគិតចាប់ពីខែមករា ដល់ខែកញ្ញាក្នុងឆ្នាំ២០២២ មាននិន្នាការស្តារឡើងវិញយ៉ាងល្អ ដែលលេចធ្លោជាងត្រីមាសទី២ តម្រូវការខាងផលិតកម្ម ត្រូវបានកែលម្អជាបន្តបន្ទាប់ ការមានការងារធ្វើ និងតម្លៃទំនិញមានស្ថិរភាពជាទូទៅ ជីវភាពរស់នៅរបស់ប្រជាជនទទួលបាន ការធានាយ៉ាងខ្លាំងនិងមានប្រសិទ្ធភាព ហេតុនេះការដំណើរការសេដ្ឋកិច្ចទូទៅ បានរក្សាក្នុងចន្លោះសមហេតុផល។

នៅក្នុងក្នុងដំណើរថ្មីដើម្បីកសាង ប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ សមាជលើកទី២០របស់បក្សកុម្មុយនីស្តចិន បានបង្ហាញយ៉ាងប្រត្យក្សថា សមត្ថភាពពេញលេញរបស់ប្រទេសចិន ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តចិន បានឆ្លងកាត់ដំណើរតស៊ូ អស់រយៈពេលមួយរយឆ្នាំនឹងត្រៀមខ្លួនបង្កើតភាពអស្ចារ្យថ្មី កាន់តែធំជាងមុនក្នុងការអភិវឌ្ឍខ្លួនឯង ឱ្យមានភាពកាន់តែល្អប្រសើរឡើង និងផ្តល់ប្រយោជន៍កាន់តែច្រើនដល់ពិភពលោក។

ជារួម គោលដៅមួយរយឆ្នាំលើកទី២ របស់បក្សកុម្មុយនិស្តចិន បាននិងកំពុងចេញដំណើរយ៉ាងស្វាហាប់ ក្នុងការបោះជំហានលើ វិថីអភិវឌ្ឍន៍ដែលបានពង្រីកទំហំពន្លឺអភិវឌ្ឍ បង្កើននូវបទពិសោធន៍ជោគជ័យ នៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ក្នុងចរន្តពហុភាគីនិយម ឆ្ពោះទៅរកវិបុលភាពនៃទម្រសន្តិភាព និងសសរស្តម្ភរបស់ការអភិវឌ្ឍ ស្របតាមលក្ខខណ្ឌ នៃវិទ្យាសាស្រ្តដែលបានគូសបញ្ជាក់បែបគរុសភាថា ការអភិវឌ្ឍរបស់ប្រទេសចិន មិនអាចឃ្លាតពីពិភពលោកបានទេ ហើយការអភិវឌ្ឍរបស់ពិភពលោក ក៏ត្រូវការប្រទេសចិនផងដែរ។

គតិបណ្ឌិតរបស់ជនជាតិចិនយល់ថា «មហាសមុទ្រធំល្វឹងល្វើយ ពីព្រោះវាទទួលទឹកមកពីគ្រប់ទន្លេទាំងអស់» ហេតុនេះការបើកចំហនិងការរួមបញ្ចូលគ្នា បានធ្វើឲ្យពិភពលោកក្លាយទៅជា សហគមន៍រួមវាសនា ដែលសមាជលើកទី២០ របស់បក្សកុម្មុយនិស្តចិន នៅបន្តជំរុញនិងលើកកម្ពស់ ការកសាងសហគមន៍រួមវាសនា នៃមនុស្សជាតិ ដើម្បីថែរក្សាសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងចែករំលែកផ្លែផ្កានៃការអភិវឌ្ឍ ដល់មនុស្សជាតិទូទៅ៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន