(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្តេជ្ញាថាការវាយប្រហារដ៏ខ្លាំងក្លារបស់រុស្ស៊ីទៅលើរោងចក្រថាមពលនៃប្រទេសរបស់លោក នឹងមិនធ្វើឲ្យខូចស្មារតីរបស់កងកម្លាំងអ៊ុយក្រែនឡើយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០២២។

តាមរយៈសារជាវីដេអូ លោក ហ្សេលេនស្គី បានថ្លែងថា ទីក្រុងកៀវបានបាញ់ទម្លាក់យន្តហោះដ្រូនរបស់រុស្ស៉ី ចំនួន២៣គ្រឿង។ រហូតមកដល់ពេលនេះ រុស្ស៊ីបានធ្វើការវាយប្រហារតាមអាកាសជាង ៨,០០០លើក និងបាញ់មីស៊ីលចំនួន ៤,៥០០គ្រាប់។

លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «គ្រាប់ផ្លោងនឹងមិនអាចបំបែកយើងបានទេ។ ការស្តាប់លឺសម្លេងរបស់សត្រូវនៅលើដី គឺគួរឲ្យខ្លាចជាងគ្រាប់រ៉ុក្កែតរបស់សត្រូវនៅលើមេឃទៅទៀត។ ប៉ុន្តែយើងមិនខ្លាចភាពងងឹតនោះទេ»

គួរបញ្ជាក់ថា ក្នុងរយៈពេល២សប្តាហ៍ចុងក្រោយនេះ រុស្ស៊ីបានបាញ់ស្រោចដោយមីស៉ីលនិងយន្តហោះដ្រូន មកលើខ្សែបណ្តាញផលិតអគ្គិសនីរបស់អ៊ុយក្រែន ដែលបង្កការខូចខាតយ៉ាងធំនិងធ្វើឲ្យដាច់ភ្លើង។ គិតត្រឹមថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ទីក្រុងកៀវ និងតំបន់ចំនួន៤ ប្រហែលជាត្រូវកាត់បន្ថយការផ្គត់ផ្គង់អគ្គិសនីយូរជាងការគ្រោងទុក៕