(វ៉ាស៉ីនតោន)៖ ក្រសួងការពារជាតិអាមេរិក កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានព្រមានធ្ងន់ៗថា ការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ ពីសំណាក់កូរ៉េខាងជើង ប្រឆាំងមកលើសហរដ្ឋអាមេរិក ឬក៏សម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៉ីនតោន នឹងក្លាយជាទីអវសាននៃរបបដឹកនាំរបស់ប្រទេសនេះ មិនខាននោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០២២។

នៅក្នុងការដាក់ចេញយុទ្ធសាស្រ្តការពារជាតិ (NDS) ថ្មីរបស់ខ្លួន មន្ទីរបញ្ចកោណអាមេរិក បានលើកឡើងយ៉ាងដូច្នេះថា «ការវាយប្រហារអាវុធនុយក្លេអ៊ែរណាមួយ ដោយកូរ៉េខាងជើងប្រឆាំងមកលើសហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្តក៏ដូចជាដៃគូរបស់ទីក្រុងវ៉ាស៉ីនតោន នឹងមិនអាចទទួលយកបានដាច់ខាត ហើយនឹងឈានទៅរកទីបញ្ចប់ នៃរបបដឹកនាំរបស់កូរ៉េខាងជើង។ សរុបមកវិញ គឺពុំមានសេណារីយ៉ូណាមួយ ដែលរបបលោក គីម ជុងអ៊ុន អាចប្រើអាវុធនុយក្លេអ៊ែរ ហើយរួចខ្លួននោះឡើយ»

នៅក្នុងយុទ្ធសាស្រ្តការពារជាតិថ្មីនោះ ក្រសួងការពារជាតិអាមេរិក ក៏បានសង្កត់ធ្ងន់បន្ថែមថា សហរដ្ឋអាមេរិកក៏នឹងចាប់បង្ខំឱ្យ កូរ៉េខាងជើងត្រូវទទួលខុសត្រូវផងដែរ សម្រាប់សកម្មភាពទាំងឡាយណា ដែលពាក់ព័ន្ធការផ្ទេរអាវុធនុយក្លេអ៊ែរ ឬវត្ថុធាតុដើម និងបច្ចេកវិទ្យានុយក្លេអ៊ែរ ឱ្យទៅប្រទេសដទៃទៀត។

បច្ចុប្បន្ន ទីក្រុងព្យុងយ៉ាងកំពុងត្រូវគេសង្ស័យថា អាចនឹងធ្វើតេស្តបំផ្ទុះអាវុធនុយក្លេអ៊ែរលើកទី៧របស់ខ្លួន ក្នុងពេលឆាប់ៗខាងមុខ ខណៈការធ្វើតេស្តលើកទី៦ ដែលជាលើកចុងក្រោយបង្អស់នោះ បានប្រព្រឹត្តទៅកាលពីឆ្នាំ២០១៧។ ដោយឡែក បើតាមការអះអាង របស់ក្រុមមន្រ្តីអាមេរិក នៅក្នុងឆ្នាំ២០២២នេះ កូរ៉េខាងជើងបានបាញ់តេស្តមីស៉ីលផ្លោងបាលីស្ទីគសរុបជិត ៥០លើកហើយ៕