(មូស្គូ)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានលាតត្រដាងថា លោកមិនធ្លាប់បានប្រាប់លោក ស៉ី ជិនពីង ប្រធានាធិបតីចិន ជាមុនអំពីអ្វីដែលលោកហៅថា «ការបើកប្រតិបត្តិការយោធាពិសេស» នៅអ៊ុយក្រែននោះឡើយ ពីព្រោះវាមិនចាំបាច់។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០២២។

ក្នុងវេទិកាជាមួយក្រុមអ្នកជំនាញរុស្ស៉ី (Valdai Discussion Club) លោក ពូទីន បានថ្លែងថា រុស្ស៉ី និងចិន គឺជាប្រទេសមានអធិបតេយ្យដូចគ្នា ហើយទីក្រុងប៉េកាំងយល់ច្បាស់ អំពីស្ថានភាពនៅអ៊ុយក្រែន។ នៅពេលត្រូវបានសួរថា តើលោក បានប្រាប់មេដឹកនាំចិនអំពីប្រតិបត្តិការយោធានេះទេ លោក ពូទីន ឆ្លើយថា «ទេ»

លោក ពូទីន បានបញ្ជាក់យ៉ាងដូច្នេះថា «លោក ស៊ី ជារដ្ឋបុរសដែលមានសមត្ថភាពក្នុងពិភពលោក ។ មេដឹកនាំចិនមិនមែនជាប្រភេទមនុស្ស ដែលប្រព្រឹត្តអំពើអាក្រក់នោះទេ។ យើងធ្វើការសម្រេចចិត្តដោយអធិបតេយ្យ ទាំងរុស្ស៊ី និងសាធារណរដ្ឋប្រជាមានិតចិន។ ថ្នាក់ដឹកនាំចិនឈរលើដំណោះស្រាយ ប្រកបដោយសមតុល្យចំពោះវិបត្តិនៅអ៊ុយក្រែន តាមមធ្យោបាយសន្តិវិធី ហើយយើងគោរពគោលជំហរនេះ»

គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះកើនឡើង ចិនមិនបានចូលរួមជាមួយសហរដ្ឋអាមេរិក ឬប្រទេសលោកខាងលិច ក្នុងការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ី ឡើយ ហើយបានអំពាវនាវឲ្យទីក្រុងម៉ូស្គូ និងក្រុងកៀវ សម្រេចបានសន្តិភាព តាមរយៈការចរចា៕