(សេអ៊ូល)៖ កងទ័ពអាកាសកូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះ បានឱ្យដឹងថា នៅសប្តាហ៍ក្រោយ កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក នឹងធ្វើសមយុទ្ធផ្លូវអាកាសទ្រង់ទ្រាយធំមួយរួមគ្នា ដែលមានការចូលរួមពី យន្តហោះយោធាសរុបប្រហែល ២៤០គ្រឿង ដើម្បីផ្ទៀងផ្ទាត់សមត្ថភាពធ្វើប្រតិបត្តិការ ពេលមានសង្រ្គាមរបស់សម្ព័ន្ធមិត្តទាំងពីរ ក្នុងគ្រាដែលការគំរាមកំហែងផ្នែកសន្តិសុខ ពាក់ព័ន្ធកូរ៉េខាងជើង កំពុងបន្តកើនឡើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០២២។

សមយុទ្ធយោធាខាងលើ ដែលមានឈ្មោះថា Vigilant Storm នឹងចាប់ផ្តើមនៅថ្ងៃចន្ទសប្តាហ៍ក្រោយ ហើយមានរយៈពេល៥ថ្ងៃ។ កំលុងសមយុទ្ធទ័ពអាកាសនេះ កូរ៉េខាងត្បូងគ្រោងចល័តយន្តហោះយោធារបស់ខ្លួន សរុបប្រមាណ១៤០គ្រឿង ដែលរួមមានទាំង យន្តហោះចម្បាំងបំបាំងកាយ F-35A យន្តហោះចម្បាំង KF-16 និង F-15K ព្រមទាំងយន្តហោះផ្ទុកប្រេងសាំង KC-330។ ចំណែកឯ ខាងសហរដ្ឋអាមេរិកវិញ នឹងចល័តយន្តហោះប្រហែល១០០គ្រឿង រួមមាន F-35B, EA-18, និង KC-135 ជាដើម។

គួរបញ្ជាក់ថា លើកដំបូងបំផុតដែល កូរ៉េខាងត្បូងនិងអាមេរិកធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នា ក្នុងទម្រង់ធំសម្បើមបែបនេះ គឺកាលពីឆ្នាំ២០១៥ ក្រោមឈ្មោះថា Vigilant ACE ដែលត្រូវបានផ្អាកនៅឆ្នាំ២០១៨ កំលុងពេលរដ្ឋបាលអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក មូ ចេអ៉ីន បានផ្តោតសំខាន់លើ កិច្ចប្រឹងប្រែងផ្សះផ្សារទំនាក់ទំនង ជាមួយកូរ៉េខាងជើង។

បច្ចុប្បន្នសម្ព័ន្ធមិត្តកូរ៉េខាងត្បូង-អាមេរិក កំពុងព្យាយាមដំឡើងសាច់ដុំរបស់ខ្លួន ចំពោះមុខក្តីបារម្ភថា ទីក្រុងព្យុងយ៉ាងអាចនឹងបង្កើន ភាពតានតឹងខ្លាំង តាមរយៈការបំផ្ទុះអាវុធនុយក្លេអ៊ែរជាថ្មីឡើងវិញ គិតចាប់តាំងពីឆ្នាំ២០១៧មក ខណៈនៅថ្ងៃសុក្រនេះ កូរ៉េខាងជើងទើបតែបានបាញ់តេស្ត មីស៉ីលផ្លោងបាលីស្ទីគរយៈចម្ងាយខ្លី ២គ្រាប់ទៀត ចូលក្នុងសមុទ្រ៕