(ប៉េកាំង)៖ នៅសហរដ្ឋអាមេរិក ប្រសិនបើនិយាយដល់ «ជើងខ្លាំងមូលប័ត្រនៅវិមានសភា» នោះ ជាបឋមអ្នកផងទាំងពួង នឹងគិតដល់គ្រួសាររបស់លោកស្រី Pelosi ប្រធានសភាតំណាងរាស្ត្រអាមេរិក។ តែតាមការពិត «ជើងខ្លាំងមូលប័ត្រ» នៃក្រុងវ៉ាស៊ីនតោនគឺមិនត្រឹមតែគ្រួសារលោកស្រី Pelosi ប៉ុណ្ណោះទេហើយក៏មិនមែនមានតែវិមានសភានោះទេ។

ពេលថ្មីៗកន្លងទៅនេះ កាសែត «The Wall Street» បានចេញផ្សាយដំណឹងស្តីពីការស៊ើបអង្កេតថា ពីឆ្នាំ២០១៦ដល់ឆ្នាំ២០២១ តាមតារាងទម្លាយពីសភាពការណ៍ហិរញ្ញវត្ថុរបស់ មន្ត្រីរដ្ឋាភិបាលប្រហែល១២០០០នាក់បានឱ្យដឹងថា មូលប័ត្រដែលមន្ត្រីចំនួនលើសពី១ភាគ៥ បានកាន់កាប់និងលក់ដូរនឹងឡើងថ្លៃឬធ្លាក់ចុះ តាមសេចក្តីសម្រេចចិត្ត នៃស្ថាប័នដែលពួកគេធ្វើការនោះ។

នៅខណៈពេលជាច្រើន «វិបត្តិ» របស់ប្រទេសនិងប្រជាជនអាមេរិកបែរជាក្លាយទៅជា «ឱកាស» រកលុយរបស់មនុស្សមួយចំនួន។ នៅដើមឆ្នាំ២០២០ ពេលប្រជាជនអាមេរិកនៅមិនទាន់យល់ដឹងពី ភាពធ្ងន់ធ្ងរនៃការរីករាលដាលនៃជំងឺកូវីដ១៩ លោក Hugh Auchinclos អនុប្រធានទីមួយនៃវិទ្យាស្ថានជាតិសិក្សាស្រាវជ្រាវ ជំងឺអាឡែស៊ីនិងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក បានលក់ចេញមូលប័ត្រនិងមូលនិធិជាច្រើន។

នៅរដ្ឋសភាអាមេរិក សភាពការណ៍បែបនេះក៏លេចចេញជាញឹកញយដែរ។ តាមការស៊ើបអង្កេតនៃកាសែតនេះបានឱ្យដឹងថា ក្នុងអំឡុងពេលពីឆ្នាំ២០១៩ដល់២០២១ ការលក់ដូរមូលប័ត្រជាដើមដែលសមាជិករដ្ឋសភាមួយចំនួន បានរាយការណ៍នោះមានភាពស្របគ្នា ជាមួយនឹងការងារនៃគណៈកម្មាធិការរបស់ពួកគេ ពេលវេលាដែលពួកគេលក់ដូរមូលប័ត្រ និងប័ណ្ណបំណុល តែងតែស្របគ្នានឹងរយៈពេលដែលរដ្ឋសភាអាមេរិក ធ្វើការស៊ើបអង្កេតចំពោះសហគ្រាសពាក់ព័ន្ធ ឬប្រកាសព័ត៌មានសំខាន់ៗ ។

«ជើងខ្លាំងមូលប័ត្រ» ដែលត្រូវគេបែកធ្លាយឥតឈប់ឈរនៅ មជ្ឈដ្ឋាននយោបាយរបស់អាមេរិក បាននាំឱ្យសង្គមទាំងមូលមិនពេញចិត្តយ៉ាងខ្លាំង។ កាសែត «The New York Times» យល់ឃើញថា អ្នកនយោបាយអាមេរិកតម្កល់ទុកផលប្រយោជន៍ផ្ទាល់ខ្លួន លើផលប្រយោជន៍របស់រដ្ឋនិងប្រជាជន ដែលបណ្តាលឱ្យប្រជាជនពោរពេញទៅដោយ ភាពមិនជឿទុកចិត្តចំពោះរដ្ឋាភិបាល។

ហេតុអ្វីបានជាអ្នកនយោបាយអាមេរិកទាំងឡាយ បានស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនតាមរយៈការប្រើប្រាស់ មុខតំណែងទាំងផ្គើនទាំងបំពានអ៊ីចឹង? មូលហេតុផ្ទាល់គឺដោយមកពី កម្លាំងរឹតត្បិតផ្លូវច្បាប់នាពេលបច្ចុប្បន្ន មិនគ្រប់គ្រាន់ទេ ។ ព្រមពេលជាមួយគ្នានេះ រដ្ឋាភិបាលអាមេរិកក៏ព្យាយាមជួយបិទបាំងទង្វើបែបនេះដែរ។ មួយដៃកាន់លុយ មួយដៃទៀតកាន់អំណាច «ជើងខ្លាំងមូលប័ត្រ» នៃក្រុងវ៉ាស៊ីនតោនទាំងនេះហាក់ដូចជា កណ្ដុរធំដែលមានភាពលោភលន់ បំផ្លាញផលប្រយោជន៍របស់ ប្រជាពលរដ្ឋអាមេរិកនិងរបបជាតិអាមេរិក ឥតឈប់ឈរ។

លោក Francis Fukuyama អ្នកវិទ្យាសាស្ត្រនយោបាយអាមេរិក ធ្លាប់តែងអត្ថបទនៅទស្សនាវដ្តី «Foreign Affairs» ថា សហរដ្ឋអាមេរិកបានលេចចេញភាពថមថយចុះ ខាងនយោបាយដែលបានដក់ក្នុងផ្នត់គំនិត ស្ថាប័នអភិបាលកិច្ចជាតិអាមេរិក កាន់តែមិនអាចដើរតួនាទីរបស់ខ្លួននោះឡើយ។ បើនិយាយពីធាតុពិត ការលក់ដូរមូលប័ត្រដោយសម្ងាត់របស់ អ្នកនយោបាយអាមេរិកគឺជា «អំពើពុករលួយជាប្រព័ន្ធ» ម្យ៉ាង។ ពេលពួកគេប្រព្រឹត្តិអំពើពុករលួយ ដោយសាធារណៈតែមិនបានរងការផាកពិន័យ នោះក៏បានបង្ហាញពីភាពមិនបានការនៃរបប និងភាពថមថយចុះខាងនយោបាយរបស់អាមេរិកផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន