(យូអិន)៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបន្ទោសរុស្ស៊ី ចំពោះការខ្ជះខ្ជាយពេលវេលារបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ និងការព្យាយាមផ្សព្វផ្សាយរឿងមិនពិតដោយការចោទប្រកាន់ថា សហរដ្ឋអាមេរិក មាន «កម្មវិធីអាវុធជីវសាស្ត្រយោធា» នៅអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០២២។

កន្លងមក រុស្ស៊ី បានលើកឡើងមិនតិចជាង២ដងទេ អំពីបញ្ហាកម្មវិធីអាវុធជីវសាស្ត្រនៅអ៊ុយក្រែន នៅចំពោះក្រុមប្រឹក្សាសន្តិសុខ។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី លីនដា ថូម៉ាស់ គ្រីនហ្វៀល (Linda Thomas-Greenfield) បានហៅការចោទប្រកាន់របស់រុស្ស៊ីថាជា «ការប្រឌិតសុទ្ធសាធដែលគ្មានភស្តុតាង ទាល់តែសោះ»។ ដោយឡែក ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំ UN លោកស្រី បាបារ៉ា វូដវើ (Barbara Woodwar) ក៏បានលើកជាសំណួរទៅកាន់ក្រុមប្រឹក្សាថា «តើយើងត្រូវស៊ូទ្រាំនឹងរឿងមិនសមហេតុផលប៉ុន្មានដងទៀត?»

ប៉ុន្តែ ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំ UN លោក វ៉ាស់ស៉ីលី ណេបិនហ្ស៉ីយ៉ា (Vassily Nebenzia) បានចោទសួរទៅកាន់ក្រុមប្រឹក្សាសន្តិសុខវិញថា « តើអ្នកទាំងអស់គ្នា គិតថា មន្ទីរបញ្ចកោណនឹងជូនដំណឹងដល់អ្នកតំណាងជាន់ខ្ពស់នៃការិយាល័យកិច្ចការរំសាយអាវុធ ក្នុងអង្គការសហប្រជាជាតិអំពីកម្មវិធីជីវសាស្ត្រសម្ងាត់ របស់ពួកគេនៅអ៊ុយក្រែន មែនឬ?

គួរបញ្ជាក់ថា រុស្ស៊ីកំពុងជំរុញឲ្យ UN បង្កើតគណៈកម្មការមួយ ដែលបង្កើតឡើងដោយសមាជិកក្រុមប្រឹក្សាសន្តិសុខទាំង១៥ ដើម្បីស៊ើបអង្កេតលើការអះអាង របស់ខ្លួនថា សហរដ្ឋអាមេរិកកំពុងរៀបចំកម្មវិធីជីវសាស្រ្តយោធា នៅអ៊ុយក្រែន ក្រោមអនុសញ្ញាអាវុធជីវសាស្រ្តដែលបានចូលជាធរមាន កាលពីឆ្នាំ១៩៧៥៕