(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង បានឱ្យដឹងថាកូរ៉េខាងជើង នៅថ្ងៃសុក្រនេះបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ធ្លាក់ចូលសមុទ្រខាងកើត ឬសមុទ្រជប៉ុន នៅចំពោះមុខការព្រមានពីទីក្រុងសេអ៊ូលថាទីក្រុងព្យុងយ៉ាង អាចនឹងធ្វើតេស្ដអាវុធនុយក្លេអ៊ែរឡើងវិញឆាប់ៗនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០២២។

ប៉ុន្តែ ភ្លាមៗ យោធាកូរ៉េខាងត្បូង មិនទាន់អាចបញ្ជាក់លម្អិតថាតើមីស៊ីលខាងលើបាញ់បានចម្ងាយប៉ុន្មាននោះទេ ដោយគ្រាន់តែបញ្ជាក់យ៉ាងខ្លីដូច្នេះថា «កូរ៉េខាងជើង បានបាញ់មីស៊ីលបាលិស្ទីគមួយគ្រាប់ធ្លាក់ចូលសមុទ្រខាងកើត ឬសមុទជប៉ុន»

ការធ្វើតេស្ដមីស៊ីលនេះកើតមានឡើងតែ៤ថ្ងៃប៉ុណ្ណោះ បន្ទាប់កូរ៉េខាងជើង និងកូរ៉េខាងត្បូង បានបាញ់ព្រមានគ្នាទៅវិញទៅមកនៅតំបន់ឆ្នេរភាគខាងលិច ក្នុង បរិបទភាពតានតឹងនៅលើតំបន់ឧបទ្វីបកូរ៉េឡើងកម្ដៅកាន់តែខ្លាំង។

សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានរួមគ្នាព្រមានកូរ៉េខាងជើងថា សម្ព័ន្ធមិត្តទាំង៣ នឹងធ្វើការឆ្លើយតបក្នុងកម្រិតធ្ងន់ មិនធ្លាប់មានពីមុនមកឡើយ ប្រសិនបើទីក្រុងព្យុងយ៉ាងហ៊ានធ្វើតេស្តបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ។ ការព្រមាននេះធ្វើឡើងនៅថ្ងៃពុធ ទី២៦ ខែតុលានេះចំពោះមុខការបន្តបង្ហាញក្តីបារម្ភ ពីសំណាក់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តខ្លួននៅក្នុងតំបន់ដែលថា កូរ៉េខាងជើងអាចនឹងបន្តការធ្វើតេស្តអាវុធនុយក្លេអ៊ែរឡើងវិញជាលើកដំបូងគិតចាប់តាំងពី ឆ្នាំ២០១៧មក។

ក្នុងសន្និសីទសារព័ត៌មានរួមគ្នា នៅទីក្រុងតូក្យូ ជាមួយវត្តមានអនុរដ្ឋមន្រ្តីការបរទេសជប៉ុន លោក តាកេអូ ម៉ូរី (Takeo Mori) និង​អនុរដ្ឋមន្រ្តីការបរទេសអាមេរិក លោកស្រី វែនឌី សឺមែន (Wendy Sherman) អនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក ចូ យុនដុង (Cho Hyun-dong) បាននិយាយដូច្នេះថា «យើងបាន​ឯកភាពគ្នាថា ការឆ្លើយតបក្នុងកម្រិតធ្ងន់មិនធ្លាប់មាននឹងចាំបាច់ ប្រសិនបើកូរ៉េខាងជើងពិតជាសម្រេចធ្វើតេស្តអាវុធនុយក្លេអ៊ែរ ជាលើកទី៧»៕