(តូក្យូ)៖ កាសែតជប៉ុន យ៉ូមីយូរិ (Yomiuri) នៅថ្ងៃសុក្រនេះបានរាយការណ៍ថាជប៉ុនកំពុងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយ នៃកិច្ចចរចាជាមួយសហរដ្ឋអាមេរិក ដើម្បីទិញមីស៊ីលគ្រូស ថូម៉ាហាក (Tomahawk) ពីសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០២២។

មីស៊ីលគ្រូស Tomahawk មានសមត្ថភាពវាយប្រហារលើគោលដៅនៅចម្ងាយជាង ១,០០០គីឡូម៉ែត្រ ពោលគឺរយៈចម្ងាយនេះ វាអាចបាញ់ដល់ផ្នែកខ្លះនៃប្រទេសចិន និងតំបន់ចុងបូព៌ារបស់រុស្ស៉ី។ សព្វថ្ងៃ ជប៉ុនត្រូវបានគេមើលឃើញថាកំពុងប្រឹងប្រែងអភិវឌ្ឍយោធារបស់ខ្លួនគួរឱ្យកត់សម្គាល់ ចាប់តាំងពីសង្រ្គាមលោកលើកទី២មក ប្រឈមមុខនឹងការកើនឡើងកាន់តែខ្លាំងនៃសកម្មភាព និងឥទ្ធិពលយោធាចិននៅក្នុងតំបន់។ យ៉ាងណាក៏ដោយ ខាងរដ្ឋាភិបាលជប៉ុនមិនបានធ្វើអត្ថាធិប្បាយអ្វី នៅឡើយទេ ដោយគ្រាន់តែនិយាយថាក៏បានដឹងដែរពីសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក។

គួរបញ្ជាក់ថា ចិន កាលពីខែសីហាកន្លងទៅ បានបាញ់មីស៊ីលជាច្រើនគ្រាប់ធ្លាក់ចូលក្នុងតំបន់ដែនទឹក ដែលស្ថិតនៅចម្ងាយប្រហែល ១៦០គីឡូម៉ែត្រ ពីដែនទឹកជប៉ុន ជាការបង្ហាញការខឹងសម្បារទៅនឹងដំណើរទស្សនកិច្ចនៅតៃវ៉ាន់ ពីសំណាក់ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី៕