(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុក យុល (Yoon Suk-yeol) នៅថ្ងៃសុក្រនេះបានចេញមុខបញ្ជាក់ថាទីក្រុងសេអ៊ូល មិនបានផ្ដល់អាវុធ ដែលអាចសម្លាប់ជីវិតមនុស្សឱ្យអ៊ុយក្រែននោះទេ ក្រោយប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន និយាយថាការផ្ដល់អាវុធប្រភេទនេះអាចនឹងបំផ្លាញទំនាក់ទំនង ទ្វេភាគីនៃប្រទេសទាំង២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០២២។

លោក ពូទីន ធ្វើការកត់សម្គាល់ខាងលើ នៅឯសន្និសីទមួយក្នុងទីក្រុងមូស្គូ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ជាមួយការចោទប្រកាន់ជាថ្មីថាលោកខាងលិចអុជអាលឱ្យ នៅសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង។ ដោយឡែក ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅពេលត្រូវបានសាកសួរពាក់ព័ន្ធនឹងការលើកឡើងរបស់លោក ពូទីន លោក យូន ស៊ុកយុល បានគូសបញ្ជាក់ «យើងកំពុងស្ថិតនៅក្នុងសាមគ្គីភាពជាមួយសហគមន៍អន្តរជាតិ ដើម្បីសន្តិភាព ជំនួយមនុស្សធម៌ ហើយមិនបានផ្ដល់អាវុធដែលអាច សម្លាប់ជីវិតមនុស្សណាមួយឡើយ។ ប៉ុន្តែរឿងបែបនេះគឺជាអាស្រ័យលើអធិបតេយ្យរបស់យើង»

គួរបញ្ជាក់ថា កូរ៉េខាងត្បូង ជាសម្ព័ន្ធមិត្តមួយរបស់សហរដ្ឋអាមេរិក នៅតែបន្តប្រកាន់ជំហរមិនបញ្ជូនអាវុធដែលសម្លាប់ជីវិតមនុស្ស ឱ្យអ៊ុយក្រែន ក្នុងចេតនាមួយ ដើម្បីកុំឱ្យរុស្ស៉ីខឹងសម្បារដែលនេះមានប្រយោជន៍ទាំងខាងសេដ្ឋកិច្ច និងបញ្ហាកូរ៉េខាងជើង សម្រាប់ទីក្រុងសេអ៊ូល៕